ពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងនាយកទីចាត់ការបំពេញរចនាសម្ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងនាយកទីចាត់ការបំពេញរចនាសម្ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ស្ពឺ យោងតាមប្រកាសស្ដីពីការតែងតាំងមន្រ្តីរាជការលេខ៥៦៩៧ប្រក របស់ក្រសួងមហាផ្ទៃ ដោយតែងតាំងលោក គង់ ឈុនលី ជានាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងដីការបស់រដ្ឋបាលខេត្តលេខ ១៧និង២៥ ដោយតែងតាំងលោក វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំអគាររដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ថា ស្ថាប័នរដ្ឋបាលខេត្តគឺជាចំណុចស្នូលដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍ យកទៅអនុវត្តធ្វើយ៉ាងណា កសាងនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យផុតពីការសាងនូវកំហុស បង្កភាពឈឺចាប់ និងប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលខេត្ត មន្ត្រីនៃរដ្ឋបាលខេត្តត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល នឹងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើន បន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋ និយាយជារួម គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ និងរើសអើង សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនេះដែរ ដើម្បីឱ្យការដឹកនាំ ការផ្តល់សេវារដ្ឋបាលសាធារណៈប្រព្រឹត្តទៅដោយរលូន និងទទួលបានការជឿទុកចិត្ត ក៏ទាមទារឱ្យថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ទាំងការិយាល័យគ្រប់ផ្នែក និងរដ្ឋបាលក្រុងស្រុករហូតដល់ឃុំសង្កាត់ត្រូវតែរួមគិត រួមធ្វើ និងធ្វើឱ្យកាន់តែសកម្មថែមទៀត។

ឯកឧត្តមបានជំរុញឱ្យរដ្ឋបាលខេត្តត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គភាពជំនាញ ដើម្បីគាំទ្រអនុវត្តកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ត្រូវជំរុញលើកកម្ពស់សមត្ថភាព ស្ថាប័ន នៅមូលដ្ឋាន ពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោះស្រាយសំណើ សំណូមពរ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ប្រកប ដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព៕

ដោយ លឹម សាន្ត





