ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ លើកទី២០
AKP តាកែវ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ – សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ លើកទី២០ ស្ថិតនៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងរៀបចំប្រារព្ធ ទិវាមច្ឆជាតិ ១ កក្កដា លើកទី២០ នៅបឹងទន្លេបាទី ស្ថិតក្នុង ភូមិសាស្រ្តឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្តើក កន្ធាយ បង្កងទឹកសាប។ល។ នឹងត្រូវលែងចូល ទៅក្នុងបឹងនេះ។ បឹងទន្លេបាទីមានបណ្តោយប្រវែងប្រមាណ ៧គ.ម. និងទទឹងប្រវែង១គ.ម. ជម្រៅ៧ម៉ែត្រនៅរដូវវស្សា និង២ម៉ែត្រនៅរដូវ ប្រាំង និងដើរតួនាទីជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ការធ្វើកសិកម្ម និងការរក្សាទុក នូវត្រីមេពូជសម្រាប់បន្តពូជ ដែលជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរាប់សែននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលពឹងអាស្រ័យលើផលនេសាទ កសិកម្ម និងទេសចរណ៍។
ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាមួយនឹងការរួមចំណែក ២០%ក្នុងវិស័យកសិកម្ម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ កាន់តែគួរឱ្យកត់សម្គាល់ជាងនេះ ចាប់ពីដើមឆ្នាំ២០២៥មក ដោយមានបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីយោធភូមិភាគ៤ និង៥ កងពល៧០ កងពលតូចលេខ១ ទ័ពពិសេសឆ័ត្រយោង គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះជួយអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធំៗនៅបឹងទន្លេសាប ដូចជា អួនអូសឆក់ អួនហ៊ុម និងឈិបយន្តប្រកបដោយប្រសិទ្ធភាពបំផុត។
ការងារគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាមួយនឹងកំណើនប្រចាំឆ្នាំចំនួន ៥ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបកើនដល់ ១០៤ក្បាល ក្នុងឆ្នាំ២០២៤ ធៀបនឹង ៩៩ក្បាល ក្នុងឆ្នាំ២០២៣។ កាន់តែគួរឱ្យរីករាយជាងនេះ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ ផ្សោតកើតកូនបានចំនួន ៧ក្បាល និងមិនទាន់មានករណីស្លាប់នៅឡើយ ដែលធ្វើឱ្យតួលេខសត្វផ្សោតសរុបកើនឡើងដល់ ១១១ក្បាល។ លទ្ធផលដ៏ល្អប្រសើរនេះ មិនអាចកាច់ផ្តាច់ចេញបានទេពីកិច្ចខិតខំប្រឹងប្រែងអភិរក្សទាំងយប់ទាំងថ្ងៃរបស់ឆ្មាំទន្លេរបស់យើង និងដោយមានការចូលរួម ពីរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងការយល់ដឹង និងការចូលរួមកាន់តែទូលំទូលាយរបស់បងប្អូនប្រជានេសាទ។
ជាមួយគ្នានេះ ការងារគ្រប់គ្រង និងអភិរក្សធនធានជលផលធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គនេះ ក៏មាន ការចូលរួមចំណែកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ តាមរយៈការជំរុញចុះបញ្ជីទីតាំងអភិរក្ស ជលផល និងសហគមន៍នេសាទនៅទូទាំងប្រទេស ដែលមកទល់ពេលនេះបានចំនួន ២0ទីតាំង ក្នុងទំហំសរុបប្រមាណ ២៥ ០០០ហិកតា នៅខេត្តចំនួន៨ ក្នុងនោះក៏មានទីតាំងគ្រប់គ្រងនិងអភិរក្សសត្វផ្សោតទន្លេមេគង្គទំហំជិត ២២ ០០០ហិកតា ក្នុងខេត្តក្រចេះផងដែរដែលហៅថាជា «កម្មសិទ្ធិប្លង់រឹងសម្រាប់សត្វផ្សោតទន្លេមេគង្គកម្ពុជា»។ បច្ចុប្បន្ន ក្រសួងទាំងពីរកំពុងសហការគ្នាកាន់តែជិតស្និទ្ធថែមទៀតលើការចុះបញ្ជីដីរដ្ឋ ដើម្បីការពារទីតាំងសំខាន់ៗទាំងនេះពីការទន្ទ្រានកាន់កាប់ និងដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល សម្រាប់សន្តិសុខស្បៀង និងការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលពឹងផ្អែកលើមុខរបរនេសាទ និងទេសចរណ៍៕
ដោយ៖ គង់ សិរីរ័ត្ន





