កាកបាទក្រហមកម្ពុជាចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៥៣៥គ្រួសារក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- ក្រោមការចង្អុលបង្ហាញពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារខ្វះខាតចំនួន ៥៣៥គ្រួសារមកពីស្រុកភ្នំស្រួច។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងបរិវេណវត្តអង្គចំណោម ដើម្បីជួយសម្រាលជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីអំណោយទាំងនេះមានចំនួនតិចតួចក្ដី ប៉ុន្តែវាគឺជាសក្ខីភាពនៃទឹកចិត្តអាណិតស្រឡាញ់ និងការចែករំលែកដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រា។

កាកបាទក្រហមកម្ពុជាមិនត្រឹមតែជួយសង្គ្រោះក្នុងគ្រាអាសន្នប៉ុណ្ណោះទេ ប៉ុន្តែក៏តែងតែគិតគូរពីសុខុមាលភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនផងដែរ។ ឯកឧត្តមបានសំណូមពរឱ្យបងប្អូនទាំងអស់ រួមគ្នារក្សាអនាម័យ និងខិតខំដោះស្រាយជីវភាពតាមរយៈការបង្កបង្កើនផលនៅតាមមូលដ្ឋានរៀងៗខ្លួន។

ឯកឧត្តមបន្តទៀតថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះ មិនត្រឹមតែជាការផ្តល់នូវសម្ភារប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំមកកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ កាកបាទក្រហមកម្ពុជានៅតែបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺរាល់ពេលមានតម្រូវការចាំបាច់ផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





