ប្រធាន ADB ជំរុញឱ្យ អាស៊ី និងប៉ាស៊ីហ្វិក ត្រូវតែធ្វើសកម្មភាពរួមគ្នា ដើម្បីអភិវឌ្ឍន៍រួមគ្នា ក្នុងការកសាងភាពធន់
AKP ភ្នំពេញ ថ្ងៃទី0៤ ខែឧសភា ឆ្នាំ២០២៦--លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជំរុញឱ្យអាស៊ី និងប៉ាស៊ីហ្វិក «ធ្វើសកម្មភាពរួមគ្នា ដើម្បីអភិវឌ្ឍន៍រួមគ្នា» តាមរយៈការតភ្ជាប់ច្រកឆ្លងកាត់ព្រំដែនកាន់តែរឹងមាំ ដែលជំរុញភាពធន់ និងកំណើនប្រកបដោយបរិយាបន្ន។ ការលើកឡើងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៩ របស់ ADB នៅទីក្រុងសាម៉ាកាន ប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
លោក Masato Kanda បានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តដែលយើងធ្វើក្នុងស្ថានភាពស្មុគស្មាញថ្មីៗនេះនឹងធានាអនាគតសម្រាប់មនុស្សជំនាន់ក្រោយ ។ នៅក្នុងពិភពលោកដែលបែកបាក់គ្នា ការដោះស្រាយបញ្ហាអភិវឌ្ឍន៍បែបប្រពៃណី និងមិនសហការគ្នា នឹងបរាជ័យ។ ដើម្បីរស់រានមានជីវិត និងរីកចម្រើនក្នុងយុគសម័យថ្មីនេះ យើងត្រូវតែកសាងប្រព័ន្ធដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងមានភាពធន់។»
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៩ របស់ក្រុមប្រឹក្សាភិបាល ADB កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសាម៉ាកាន ប្រទេសអ៊ូសបេគីស្ថាន ក្រោមប្រធានបទ ផ្លូវបំបែកនៃវឌ្ឍនភាព៖ ការជំរុញអនាគតតដែលភ្ជាប់គ្នានៅក្នុងតំបន់។ កិច្ចប្រជុំនេះ ចូលរួមដោយអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នកនវានុវត្តន៍ ដើម្បីជំរុញដំណោះស្រាយជាក់ស្តែងក្នុងការតភ្ជាប់តំបន់ នវានុវត្តន៍ឌីជីថល និងហិរញ្ញវត្ថុសម្រាប់ការងារអភិវឌ្ឍន៍។
នៅក្នុងសុន្ទរកថារបស់គាត់ លោក Masato Kanda បានគូសបញ្ជាក់ពីរបៀបដែលវិបត្តិកំពុងកើតឡើងសព្វថ្ងៃរាលដាលយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែននានា តាមរយៈទីផ្សារថាមពល ខ្សែថ្រវាក់ផ្គត់ផ្គង់ និងបណ្តាញឌីជីថល ដែលជះឥទ្ធិពលលើសហគមន៍ដែលមានលទ្ធភាពតិចតួចក្នុងការទប់ស្កាត់វា។ លោកបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារឱ្យមានដំណោះស្រាយក្នុងតំបន់ប្រកបដោយការចុះសម្រុងគ្នា ដែលហួសពីព្រំដែនថ្នាក់ជាតិនិមួយៗ។
ជាមួយគ្នានេះ ADB កំពុងឆ្លើយតបដោយការបង្កើនការវិនិយោគ និងពន្លឿនកំណែទម្រង់ ដែលអាចឱ្យប្រទេសនានាធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ និងស្ថាប័ននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ កាលពីឆ្នាំមុន ធនាគារបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២៩,៣ ពាន់លានដុល្លារដល់តំបន់នេះ ហើយកំពុងអនុវត្តន៍កំណែទម្រង់ដែលអាចឱ្យខ្លួនផ្តល់ជំនួយកាន់តែលឿន និងក្នុងទ្រង់ទ្រាយធំ។
កាលពីថ្ងៃអាទិត្យ ADB បានប្រកាសដំណើរការកម្មវិធីដែលមានតម្លៃ ៧០ ពាន់លានដុល្លារ ដើម្បីកសាងប្រព័ន្ធក្នុងតំបន់ ដែលនឹងពង្រឹងសន្តិសុខ និងភាពធន់រួមគ្នានៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ចំនួននេះ រួមបញ្ចូលនូវការវិនិយោគ ៥០ ពាន់លានដុល្លារ ដើម្បីកសាងបណ្តាញថាមពលនៅតំបន់អាស៊ី (Pan-Asia Power Grid) ដែលមានគោលបំណងធ្វើសមាហរណកម្មថាមពលកកើតឡើងវិញឆ្លងកាត់ព្រំដែន បង្កើនសន្តិសុខថាមពល និងបន្ទាបការបំភាយឧស្ម័ន, និងការវិនិយោគ ២០ ពាន់លានដុល្លារ ដែលត្រូវបានរចនាឡើងដើម្បីពង្រីកការតភ្ជាប់ឌីជីថលឆ្លងព្រំដែន និងបិទគម្លាតឌីជីថលក្នុងតំបន់។ ទន្ទឹមនេះ ADB កំពុងមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់ការឆ្លើយតបទៅនឹងវិបត្តិសម្រាប់សមាជិករបស់ខ្លួនក្នុងអំឡុងពេលដែលជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដំបូងគេដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសដែលរងផលប៉ះពាល់ ដែលត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចបន្ថែមទៀត។
បើតាម ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកំពុងអភិវឌ្ឍ នឹងធ្លាក់ចុះមកនៅត្រឹម ៤,៧% នៅឆ្នាំនេះ ធៀបនឹង ៥,៤% កាលពីឆ្នាំមុន ខណៈអតិផរណាត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥,២% ពី ៣,០% ដោយសារជម្លោះដែលកំពុងអូសបន្លាយនេះ បានបង្កើនតម្លៃថាមពល រឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់។
សម្រាប់សេណារីយោនៃហានិភ័យកាន់តែធ្ងន់ធ្ងរនៃការកើនឡើងនៃជម្លោះជាថ្មី ដែលក្នុងនោះតម្លៃប្រេងកើនឡើងក្នុងខែឧសភា ឆ្នាំ២០២៦ និងនៅតែបន្តកើនឡើងខ្ពស់ជាងនេះ កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍអាចធ្លាក់ចុះមកត្រឹម ៤,២% នៅឆ្នាំនេះ និង ៤,០% នៅឆ្នាំក្រោយ ខណៈដែលអតិផរណាអាចឈានដល់ ៧,៤% នៅឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក Masato Kanda បានលើកឡើងថា ADB ថាជា «យុថ្កានៃស្ថិរភាព» ដែលត្រៀមខ្លួនជាពិសេស ដើម្បីជួយដឹកនាំតំបន់នេះ ឆ្លងកាត់កាលៈទេសៈនៃការបែកបាក់ភូមិសាស្ត្រនយោបាយ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្លោះ ការរំខានសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ និងភាពតានតឹងផ្នែកបរិស្ថានដែលកំពុងកើនឡើង។ លោក Kanda បានបន្ថែមថា ការងាររបស់ ADB គឺនៅមានច្រើនទៀត ហើយ ADB នឹងបំពេញការងាររបស់ខ្លួន ក្នុងតំបន់ឱ្យល្អបំផុត ជាមួយសមត្ថភាពប្រតិបត្តិការពិសេស និងសមត្ថភាពក្នុងការដើរតួជាអ្នកផ្តល់ហិរញ្ញប្បទាន ជាទីប្រឹក្សា និងជាអ្នកកៀរគរធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាការទាញយកមូលនិធិពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍ និងការដោះស្រាយបញ្ហារិចរិលបរិស្ថាន។ លោកប្រធាន ADB បានសង្កត់ធ្ងន់ថា៖ «ការងារចំពោះមុខគឺធំធេងណាស់ ប៉ុន្តែគោលបំណងរបស់យើងគឺច្បាស់លាស់។ យើងមានយុទ្ធសាស្ត្រ យើងមានធនធាន។ យើងមានឆន្ទៈរួមក្នុងការអនុវត្ត»៕

ដោយ៖ រិទ្ធី, ប្រភព៖ ADB





