រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យរោងចក្រ សហគ្រាស បង្កើនការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ និងសោភ័ណភាព
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានណែនាំឱ្យបណ្តារោងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាមសំណល់រឹង-ប្លាស្ទិកនៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។

ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើងនៅក្នុងពេលចុះពិនិត្យផលិតកម្ម និងកាអនុវត្តបទដ្ឋានបរិស្ថាននៅរោងចក្រផលិតកាបូប D’Luxe International នៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នេះ។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាមសំណល់រឹងឱ្យបានកាន់តែល្អប្រសើរទៀត តាមរយៈចូលរួមសហការល្អជាមួយក្រុមហ៊ុនផ្តល់សេវា ជាមួយសមាគមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឲ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះរោងចក្រ ដែលបានអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានបានល្អ បង្កើតបរិយាកាសនៅកន្លែងធ្វើការល្អ មានផាសុកភាព ហើយបានអនុវត្តបទដ្ឋានគតិយុត្តទាំងឡាយរបស់កម្ពុជា ហើយកន្លងមកផលិតផលចេញពីកម្ពុជាមានស្តង់ដារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណាបង្កើនភាពបៃតងនៅក្នុងរោងចក្រតាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស (King Grass) ដើម្បីធ្វើជាជីវម៉ាស់ (Biomass) ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយផងដែរ។ លើសពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនីដើរដោយថាពលពន្លឺព្រះអាទិត្យ (Solar) នៅលើដំបូល ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូន ពីរោងចក្រ ក៏ដូចជាការចូលរួមចំណែកជំរុញថាមពលបៃតងនៅកម្ពុជា។

តាមរយៈទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងរោងចក្រនានាបន្តរក្សាស្តង់ដារបរិស្ថានខ្ពស់ ជាពិសេសរៀបចំទុកដាក់សំរាម សំណល់រឹង និងសំណល់រាវឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងឱ្យមានចីរភាពនៅកម្ពុជាតរៀងទៅ៕

ដោយ៖ មករា





