គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៦% ហើយ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥--
អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងបាន ចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ៣៦% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៥,១២% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ១៦ខែហើយ ស្មើនឹង ៣៨,១០% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ នឹងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨។

ឯកឧត្តម សួង ហេង និងក្រុមការងារបានវាយតម្លៃខ្ពង់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភ័ណភាព។
អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀតដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសាធារណការ)





