កិច្ចប្រជុំផ្សព្វផ្សាយគម្រោង RRCIP ជំរុញការកែលម្អផ្លូវជនបទនៅបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្តម លី ណារុន រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) រួមជាមួយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានអំពីគម្រោង RRCIP និងស្នើសុំកិច្ចសហការក្នុងការសិក្សាគ្រោងប្លង់លម្អិតផ្លូវចំនួន៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ ដោយកិច្ចប្រជុំត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំបានពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្នើសុំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ក្នុងពេលសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវ ដែលបានជ្រើសរើសក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ឱ្យបានជោគជ័យ។ តាមរយៈនេះក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួន៦ខ្សែ ប្រវែងសរុប ១៣៥,១០ គ.ម នឹងត្រូវកែលម្អលើកម្រិតគុណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រាល បេតុងនៅក្នុងឆ្នាំ២០២៦ខាងមុខ។ បច្ចុប្បន្នផ្លូវទាំង៦ខ្សែនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។

ក្នុងឱកាសនោះ ឯកឧត្តម លី ណារុន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោង RRCIP ក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅកម្ពុជា ពិសេសខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយមានសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍។ ការកែលម្អផ្លូវជនបទនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតប្រជាជន។ ឯកឧត្តមក៏បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមសហការយ៉ាងសកម្ម ក្នុងដំណើរការសិក្សាគ្រោងប្លង់លម្អិត ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃគម្រោង។

ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ុំ រាត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោង RRCIP ដែលបានពង្រីកវិសាលភាពមកកាន់ខេត្តបន្ទាយមានជ័យ និងបានសង្កត់ធ្ងន់ថា គម្រោងនេះពិតជាមានប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងការតភ្ជាប់បណ្តាញគមនាគមន៍ពីជនបទទៅទីប្រជុំជន និងតំបន់សេដ្ឋកិច្ចនានា។ ឯកឧត្តមក៏បានប្តេជ្ញាចិត្តថា រដ្ឋបាលខេត្តនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសម្របសម្រួលរាល់កិច្ចការងារបច្ចេកទេស និងការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ក្នុងអំឡុងពេលនៃការសិក្សា និងការអនុវត្តគម្រោង។ ឯកឧត្ដមបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមសហការ ដើម្បីឱ្យការងារសិក្សាគ្រោងប្លង់លម្អិតនេះប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស។

សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន៖ ១- ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរី-ស្រុកម៉ាឡៃ) មានទទឹង៨ម៉ែត្រ ប្រវែង២៤,១០គីឡូម៉ែត្រ ២- ផ្លូវស្ពានស្រែ (ភ្នំស្រុក-ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ប្រវែង២៤គីឡូម៉ែត្រ ៣- ផ្លូវតាភូ (ស្រុកភ្នំស្រុក-ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ប្រវែង២៩គីឡូម៉ែត្រ ៤- ផ្លូវតែហាំង (ឃុំស្វាយចេក) ទទឹង៨ម៉ែត្រ ប្រវែង២៥គីឡូម៉ែត្រ ៥- ផ្លូវស្រែល្អ (ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៨គីឡូម៉ែត្រ និង៦- ផ្លូវរលួស-ភូមិថ្មី (ស្វាយចេក-ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៤គីឡូម៉ែត្រ។

គម្រោង RRCIP ត្រូវបានគេរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមនៅខេត្តបន្ទាយមានជ័យ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ៕

ដោយ ឈុន សារ៉ាត





