អភិបាលរងខេត្តកំពង់ធំ និងក.ប.ប ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមួយចំនួននៅស្រុកតាំងគោក និងស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ដោយមានអនុសាសន៍ណែនាំពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក ងួន រាសី អភិបាលរងខេត្ត និងលោក ហេង ភារម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកំពង់ធំ អមដោយក្រុមការងារមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈគ្រប់គ្រងផ្សារ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមួយចំនួន ដូចជា ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម ស្ថិតក្នុងភូមិសាស្រ្តស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោក ហេង ភារម្យ ប្រធានសាខាក.ប.បខេត្តកំពង់ធំ ដែលបានចុះពិនិត្យជាក់ស្ដែងចំនួន៣ទីតាំងរួមមាន៖ ១.ផ្សារតាំងគោកពិនិត្យបានចំនួន៧៧គំរូ Borax (បូរ៉ាក់) ចំនួន១១គំរូ Sodium Hydrosulfite (សូដ្យូមអ៊ីដ្រូស៊ុលហ្វីត) ចំនួន២១គំរូ Salicylic acid (សាលីស៊ីលិច អាស៊ីត) ចំនួន២គំរូ Formalin (ហ្វ័រម៉ាលីន) ចំនួន៣គំរូ Pesticide (សំណល់ថ្នាំកសិកម្ម) ចំនួន៤៩គំរូ។ ២.ផ្សាររំលងពិនិត្យបានចំនួន៤០គំរូ Borax (បូរ៉ាក់) ចំនួន៧គំរូ Sodium Hydrosulfite (សូដ្យូមអ៊ីដ្រូសុលហ្វីត) ចំនួន៤គំរូ Salicylic acid (សាលីស៊ីលិចអាស៊ីត) ចំនួន១គំរូ Formalin(ហ្វ័រម៉ាលីន) ចំនួន៣គំរូ Pesticide (សំណល់ថ្នាំកសិកម្ម) ចំនួន២៥គំរូ និង៣. ផ្សារកំពង់ថ្ម ពិនិត្យបានចំនួន៣៤គំរូ Borax (បូរ៉ាក់) ចំនួន៤គំរូ Sodium Hydrosulfite (សូដ្យូមអ៊ីដ្រូស៊ុលហ្វីត) ចំនួន៤គំរូ Salicylic acid (សាលីស៊ីលិចអាស៊ីត) ចំនួន៣គំរូ Pesticide (សំណល់ថ្នាំកសិកម្ម) ចំនួន២៣គំរូ សរុបចំនួន១៥១គំរូ។ ជាលទ្ធផលបានរកឃើញសំណាកគំរូបាញ់កាញ់ចំនួន១គំរូ មានសារធាតុគីមីហាមឃាត់បូរ៉ាក់ (borax) ដោយត្រូវបានដកហូត និងធ្វើការណែនាំបញ្ឈប់ការតាំងលក់ផលិតផលដែលមានសារធាតុគីមីហាមឃាត់។

ក្នុងឱកាសនោះ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា តាមការចុះស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងរបស់ក្រុមការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ឃើញមានការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារចំនួន៣ខាងលើនេះ លទ្ធផលរបស់អ្នកលក់ បន្លែ ផ្លែឈើ នំចំណី គ្រឿងប្រើប្រាស់ជាច្រើនមុខមានការដាក់តាំងលក់ហួសសុពលភាព សម្បូរជាតិថ្នាំ និងរបស់របរខូចគុណភាពជាដើម។ ដូច្នេះសូមអ្នកលក់ទាំងអស់មេត្តាជួយយកផលិតផលណាដែលមានគុណភាព ពុំមានជាតិថ្នាំគីមី ដើម្បីលក់ឱ្យបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬបរិភោគប្រកបដោយគុណភាពនិងមានសុខភាពល្អដល់មនុស្សទូទៅ។

សូមបញ្ជាក់ថា ការចុះពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មានតូបលក់បន្លែ ផ្លែឈើ សាច់គោ សាច់ជ្រូក ចាប់ហួយ ម៉ាត នំកញ្ចប់ គ្រឿងកំប៉ុង និងចំណីអាហារបង្អែមជាដើម៕

ដោយ ស៊ុម វណ្ណា





