ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ប្លង់កម្មសិទ្ធិដីធ្លីនេះគឺមានការការពារដោយច្បាប់ធានាដោយរដ្ឋហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ឯកឧត្តមមានប្រសាសន៍លើកឡើងដូចនេះក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិនាងល្អ និងភូមិវាលអំពិល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន១៧៧៣បណ្ណ ស្មើនឹង ៥៤១គ្រួសារ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា លទ្ធផលដែលសម្រេចបាននេះពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលក៏ដូចជារួមចំណែកក្នុងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។ ពង្រឹងទីផ្សារដី ជាពិសេសការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រានិងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមសហការជំរុញ ការចុះបញ្ជីដីធ្លីឱ្យបានឆាប់ គ្រប់ភូមិ/ឃុំ ដែលនៅមិនទាន់វាស់វែង តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹកឱ្យបានច្បាស់លាស់និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួលឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយ ការបញ្ជាក់ភាពនៅលីវ លែងលះ ជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធ លើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពេលមានតម្រូវការសាងសង់ លំនៅឋាន ឫសំណង់អាគារផ្សេងៗដូចជារបង ឃ្លាំង ជាដើម ត្រូវសុំការអនុញ្ញាតច្បាប់សាងសង់ជាមុន មិនត្រូវសាងសង់លើដីសាធារណៈ ដូចជាដីចំណីផ្លូវ ចំណីស្ទឹង ឫសាងសង់រំលោភលើ ព្រំអ្នកជិតខាងដែលនាំឱ្យកើតមានវិវាទខាតបង់ពេលវេលា និងផលប្រយោជន៍។ ឯកឧត្តមក៍បានជំរុញដល់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តខិតខំវាស់វែងឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួងក្នុងបំណាច់ឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ ស៊ុម វណ្ណា





