យុគសម័យថ្មីនៃការអភិវឌ្ឍរបស់បងប្អូនជនជាតិខ្មែរនៅប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥--បងប្អូនជនជាតិខ្មែរចំនួនជាង ១,៣ លាននាក់ដែលកំពុងរស់នៅលើទឹកដីវៀតណាម ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីចំណងមហាសាមគ្គីភាពរវាងសហគមន៍ជនជាតិទាំង ៥៤ ជាតិសាសន៍របស់វៀតណាម ។

ដោយអនុវត្តន៍គោលនយោបាយ “ស្មើភាព សាមគ្គីភាព គោរពនិងជួយគ្នាទៅវិញទៅមកដើម្បីភាពរីកចម្រើនរបស់ប្រជាជន” បក្សនិងរដ្ឋវៀតណាមបានដាក់ចេញគោលការណ៍ គោលនយោបាយជាច្រើន ដែលបានផ្តល់អាទិភាពការវិនិយោគ ការបែងចែកធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៅតំបន់ជនជាតិភាគតិចនិយាយរួម និងតំបន់ជនជាតិខ្មែរនិយាយដោយឡែក។ អាស្រ័យហេតុនេះ ក្រោយរយពេល ៥០ ឆ្នាំ នៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរនៅប្រទេសវៀតណាម មានការវិវឌ្ឍយ៉ាងខ្លាំង ដោយមានរូបរាងថ្មីស្រស់ស្អាត និងរស់រវើក ចូលរួមជាមួយប្រទេសជាតិទាំងមូល ឈានចូលយុគសម័យថ្មី គឺយុគសម័យនៃការឈានឡើងរបស់ប្រទេសជាតិវៀតណាម។

ខេត្តត្រាវិញ (Tra Vinh) ជាខេត្តមួយក្នុងចំណោមខេត្តដែលមានបងប្អូនជនជាតិខ្មែររស់នៅ នៅប្រទេសវៀតណាម ដោយមានប្រជាជនជាង ៣៩ ម៉ឺននាក់ ស្មើនឹងប្រមាណ ៣១% នៃចំនួនប្រជាជននៅទូទាំងខេត្ត។ ដោយអនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១-២០២៥ និងបើគិតមកដល់ដំណាច់ឆ្នាំ ២០២៤ ខេត្ត ត្រាវិញ កសាងផ្លូវគមនាគមន៍ជនបទបានចំនួនជាង ២០០ ខ្សែសម្រាប់បម្រើដល់ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ ឃុំចំនួន ១00% ចាកចេញផុតពីតំបន់មានលក្ខណៈលំបាកខ្លាំង មានបងប្អូនជនជាតិភាគតិចជាង ១ ១00 គ្រួសារ ត្រូវបានផ្ដល់លំនៅឋាន និងដីសម្រាប់តាំងទីលំនៅ ប្រជាជនជិត ១ ៧00 គ្រួសារ ត្រូវបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងជួយផ្លាស់ប្ដូរមុខរបរ ប្រព័ន្ធផ្លូវតភ្ជាប់ភូមិជាមួយភូមិ ឃុំជាមួយឃុំត្រូវបានចាក់បេតុងនិងកៅស៊ូយ៉ាងរឹងមាំ ដែលអំណោយផលសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្ម។ល។ បងប្អូនកូនក្មួយជនជាតិខ្មែរទទួលបានលក្ខខណ្ឌល្អប្រសើរជាងដើម្បីចូលរៀន។

ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត (Thạch Sok Xane) អនុប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ មានព្រះទ័យត្រេកអរដែលឃើញជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរកាន់តែរីកចម្រើន និងសប្បាយរីករាយ ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់បក្សនិងរដ្ឋ។ គោលនយោបាយជនជាតិជាច្រើនត្រូវបានអនុវត្តន៍ប្រកបដោយបរិយបន្ន ផ្សារភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្ដែង ដែលបានចូលរួមចំណែកជួយផ្លាស់ប្តូរមុខមាត់ថ្មីនៅតំបន់ជនបទ កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរ ទាំងលើផ្នែកសម្ភារនិងស្មារតី។

មានព្រំប្រទល់ជាប់នឹងខេត្ត ត្រាវិញ នៅត្រើយម្ខាងនៃទន្លេ ហូវ ឬ ទន្លេបាសាក់ ខេត្ត សុកត្រាំង (Soc Trang) មានប្រជាជនជាង ៣0% ជាបងប្អូនជនជាតិខ្មែរ ដោយមានចំនួនប្រហែល ៤0 ម៉ឺននាក់ ដែលច្រើនជាងគេបំផុត បើប្រៀបធៀបទៅក្នុងតំបន់ដែលមានប្រជាជនខ្មែររស់នៅតាមបណ្តាខេត្ត ក្រុង នានា ក្នុងតំបន់ដីសណ្តទន្លេ មេគង្គភាគខាងត្បូងនៃប្រទេសវៀតណាម។

យោងតាមលោក ឡឹម ហ្វាងម៉ូវ (Lam Hoang Mau) ប្រធានមន្ទីរជនជាតិនិងសាសនាខេត្ត សុកត្រាំងបានឱ្យដឹងថា ក្នុងដំណាក់កាលពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមនៅតំបន់បងប្អូនជនជាតិខ្មែរត្រូវបានគណៈកម្មាធិការបក្សខេត្តនិងគណៈកម្មាធិការប្រជាជនខេត្ត ផ្តោតការវិនិយោគយ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផលិតកម្មនិងការរស់នៅរបស់ប្រជាជន។ លោកបានបន្ដថា ខេត្តបានវិនិយោគទឹកប្រាក់ជាង ៣២៧ ពាន់លានដុង (ស្មើប្រមាណ១២,៥ លានដុល្លារអាម៉េរិក) សម្រាប់សាងសង់សំណង់ជាង ៤00 កន្លែងក្នុងតំបន់បងប្អូនជនជាតិខ្មែរ ផ្ដោតលើសំណង់ធារាសាស្ត្រ ផ្លូវគមនាគមន៍ជនបទ ផ្ទះសហគមន៍ ក៏ដូចជាការថែទាំនិងជួសជុលសំណង់សុខុមាលភាពសង្គមផ្សេងៗ។ ដោយមានការយកចិត្តទុកដាក់និងគាំទ្ររបស់បក្សនិងរដ្ឋ ខេត្ត សុកត្រាំង សម្រេចបាននូវការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ចំនួនគ្រួសារក្រីក្រមានការថយចុះ ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគយ៉ាងពេញលេញ។

លោក ឡឹម វ៉ាន់ម៉ឹន (Lam Van Man) លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង បានបញ្ជាក់ផងដែរថា នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្ឌលវប្បធម៌នៅតំបន់បងប្អូនជនជាតិភាគតិច ដោយផ្តោតប្រភពធនធានទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅប្រយុទ្ធប្រឆាំងនិងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ លោកបានបន្ថែមថា តាមការគ្រោងទុក ដល់ចុងខែ មិថុនា ឆ្នាំ ២០២៥ នឹងបញ្ចប់ជាស្ថាពរការងារលុបបំបាត់លំនៅឋានទ្រុឌទ្រោមបណ្ដោះអាសន្ន ក្នុងចំណោមនោះជាង ៥០% ជាលំនៅឋានរបស់បងប្អូនជនជាតិខ្មែរ។ ក្រៅពីនោះ ខេត្ត សុកត្រាំង ក៏បន្តផ្ដោតការយកចិត្តទុកដាក់លើការងារអភិរក្សនិងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីល្អៗ ដែលជាកេរិ៍្តដំណែលវប្បធម៌របស់ជនជាតិ លើកកំពស់គុណភាពអប់រំនិងបណ្តុះបណ្តាលនិងកសាងមហាសាមគ្គីជាតិ។
ដោយមានព្រំប្រទល់ជាប់នឹងខេត្ត សុកត្រាំង ខេត្ត បាកលៀវ (Bac Lieu) ក៏ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចច្រើន ដោយមានជនជាតិជាង ២០ ជាតិសាសន៍ដែលរស់នៅលាយឡំជាមួយគ្នា ស្មើនឹង ៩,២% នៃចំនួនប្រជាជនសរុបក្នុងខេត្ត។ ក្នុងចំណោមនោះ ជនជាតិខ្មែរមានចំនួនច្រើនជាងគេដែលមានជាង ១៧ ០០០ គ្រួសារ ស្មើនឹង ៧,៦% នៃចំនួនប្រជាជនក្នុងខេត្ត។
ក្នុងដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ខេត្ត បាកលៀវ បានបែងចែកថវិកាចំនួន ១៦០ ពាន់លានដុង (ស្មើប្រមាណ ៦,១ លានដុល្លារអាម៉េរិក) សម្រាប់កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ដោយទទួលផលពីកម្មវិធីគាំទ្រការធ្វើពិពិធកម្មមុខរបរចិញ្ចឹមជីវិត គួបផ្សំនឹងការលើកកម្ពស់ការយល់ដឹងអំពីការផលិតទំនិញ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៃគ្រួសារខ្មែរជាប្រជាកសិករដាំដំណាំស្រូវនៅខេត្ត បាកលៀវ បានកើនឡើង ២០% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ផ្ដើមពីនោះ អត្រាគ្រួសារជនជាតិភាគតិចក្រីក្របានថយចុះយ៉ាងខ្លាំង ជាមធ្យម ២,៥% ក្នុងមួយឆ្នាំៗ។ មកទល់ពេលនេះ អត្រាគ្រួសារខ្មែរក្រីក្រនៅខេត្ត បាកលៀវ មានការថយចុះគួរឱ្យកត់សម្គាល់ ស្មើនឹងប្រមាណ ១% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបក្នុងខេត្ត។

ទិដ្ឋភាពជាក់ស្តែងឱ្យឃើញថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការរណ៍ គោលនយោបាយជនជាតិភាគតិចក្នុងអំឡុងពេលកន្លងមក បានសបញ្ជាក់ពីការគិតគូ យកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាម ចំពោះការអភិវឌ្ឍរបស់បងប្អូនជនរួមជាតិខ្មែរនៅតាមខេត្តនានានៅលើដែនដីសណ្ដទន្លេមេគង្គ។ ជាមួយនឹងជីវិតថ្មីប្រកបដោយភាពសម្បូរសប្បាយនិងសុភមង្គល គឺជាកម្លាំងចលករជំរុញឱ្យបងប្អូនប្រជាជនបន្តលើកកម្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ភាពធន់ ស្វាហាប់ និងច្នៃប្រឌិតក្នុងការងារបង្កបង្កើនផល ផលិតកម្ម ខិតខំប្រឹងប្រែងជាមួយអាជ្ញាធម៌មូលដ្ឋានគ្រប់ជាន់ថ្នាក់ និងគ្រប់វិស័យ ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតាមមូលដ្ឋាននីមួយៗ។
ក្រោយ ៥០ ឆ្នាំ នៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាម ការផ្លាស់ប្តូរថ្មីលើភូមិឋាន និងការអភិវឌ្ឍមាតុភូមិ បានលើកទឹកចិត្តឱ្យប្រជាជនខ្មែរកាន់តែមានកម្លាំងចិត្តបន្ថែមទៀតលើអនាគតដ៏រុងរឿងរបស់ខ្លួន ផ្តល់ឱ្យពួកគេនូវកម្លាំងសាមគ្គីបន្ថែមទៀត ពួតដៃជាមួយបងប្អូនជនជាតិដទៃទៀត ដើម្បីកសាងមាតុភូមិ ក្រោមការដឹកនាំរបស់បក្ស សំដៅឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍដ៏រឹងមាំ វិបុលភាព របស់ប្រជាជនវៀតណាមទាំងមូល៕
ដោយ៖ ឡេង វណ្ណារា





