រដ្ឋបាលខេត្តកំពងឆ្នាំងបើកកិច្ចប្រជុំត្រៀមរៀបចំ និងត្រួតពិនិត្យការងារសំខាន់ៗ
AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសំខាន់ៗមួយចំនួន រួមមាន ការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៥ ការចុះសួរសុខទុក្ខវីរកងទ័ពការពារព្រំដែន និងកងកម្លាំងក្នុងភូមិសាស្ត្រខេត្ត កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុកជុំវិញខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីឱ្យការរៀបចំប្រព្រឹត្តទៅដោយរលូន អាស្រ័យលើយើងទាំអស់គ្នា និងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការសម្អាត ដាក់ពាក្យស្លោក និងតុបតែងភ្លើងពណ៌ដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត នៅក្នុងស្ថាបនរបស់ខ្លួន។ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវាសង្គមជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន ប៉ុស្តិ៍សុខភាព និងសាលាឃុំ តាមបណ្តាក្រុង ស្រុក។ គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវមានចាត់វិធានការការអនុវត្តបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ទាំង៩ចំណុច និងច្បាប់ចរាចរណ៍តាមបណ្តាក្រុង ស្រុក ដើម្បីកាត់បន្ថយបទល្មើស រក្សាសុខសន្តិភាព ស្ថេរភាព សង្គម និងស្ថេរភាពនយោបាយ ដើម្បីមានការអភិវឌ្ឍមូលដ្ឋាន។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តបានបន្តថា មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែរៀបចំមន្ត្រីមួយចំនួនមកចូលរួមពិធីបុណ្យចម្រើនព្រះជន្ម និងកម្មវិធីត្រៀមបម្រុងជាច្រើនទៀតដែលបានគ្រោងទុក ដើម្បីតបស្នងដឹងគុណដល់ជនវីរកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដែលបានការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើន រុងរឿង ក្នុងឯករាជ្យ សន្តិភាព និងស្ថិរភាព៕



ដោយ បៃ ស៊ីថុន





