ការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈគម្រោង USESDP-2
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- តាមរយៈការវាយតម្លៃរបស់នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ (ដើមគ្រា និងចុងគ្រា) វិទ្យាល័យ ធនធាន ៤៦/៥០ ឬស្មើនឹង ៩២.០ភាគរយជាប់ស្តង់ដាសាលារៀនគំរូ និងមានវិទ្យាល័យធនធានចំនួន៤ ជាប់ស្តង់ដាពេញលេញ (ពិន្ទុលើ៨០ភាគរយ)។ វិទ្យាល័យធនធានទាំងអស់មានពិន្ទុស្តង់ដាកើនឡើង ដែលជាមធ្យមកើន ១២.៩៧ភាគរយ ក្នុងនោះវិទ្យាល័យធនធានដែលមានពិន្ទុកើនតិចជាងគេ (ពី០ភាគរយ ទៅ ៥ភាគរយ) មាន ៦វិទ្យាល័យ និងមានវិទ្យាល័យមួយដែលមានពិន្ទុកើនច្រើនជាងគេ (កើន៣៤ភាគរយ)។

នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំបានចុះវាយតម្លៃសាលាបណ្តាញទាំងអស់ ក្នុងនោះសាលាបណ្តាញ៥០ ឬស្មើ៥៧,៥០ភាគរយ ជាប់ស្តង់ដាសាលារៀនគំរូ។ សាលាបណ្តាញទាំងអស់មានពិន្ទុស្តង់ដាកើនឡើងដែលជាមធ្យមកើន ១១.៨៩ភាគរយ ក្នុងនោះសាលាបណ្តាញដែលមានពិន្ទុកើនតិចជាងគេ (ពី០ភាគរយ ទៅ៥ភាគរយ) មាន ១១សាលា និងមានសាលាមួយដែលមានពិន្ទុកើនច្រើនជាងគេ (កើន៣០ភាគរយ)។

ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូឱ្យកាន់តែមានប្រសិទ្ធភាព អង្គសិក្ខាសាលាមួយបានផ្តល់ធាតុចូលមួយចំនួន ដែលរួមមាន ការធ្វើសុខដុមនីយកម្មយន្តការអនុវត្តស្តង់ដាសាលារៀនគំរូជាមួយគម្រោង GEIP-AF និងគ្រប់គម្រោងទាំងអស់ បង្កើតប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃតាម App និងពង្រឹងការគ្រប់គ្រងទិន្នន័យ សូចនាករ ពង្រឹងយន្តការអនុវត្តជាប្រព័ន្ធនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ត្រូវមានប្រតិទិនអនុវត្តកិច្ចការសំខាន់ៗពេញមួយឆ្នាំសិក្សា ត្រូវពង្រឹងយន្តការសាលាធនធានជួយសាលាបណ្តាញ នាយកជួយនាយក គ្រូជួយគ្រូ និងត្រូវធ្វើដំណើរឆ្ពោះទៅភាពជាម្ចាស់របស់សាលារៀនលើគ្រប់អន្តរាគមន៍ទាំងអស់របស់គម្រោង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





