ផលជះនៃការប្រើប្រាស់អគារធនធាន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអគារធនធាន រួមមានបណ្ណាល័យសតវត្សរ៍ទី២១ បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បន្ទប់ ICT ទីចាត់ការ និងបន្ទប់ប្រជុំ គណៈគ្រប់គ្រងសាលាធនធានបានបង្កើតរចនាសម្ព័ន្ធនៃការគ្រប់គ្រងអគារធនធាន ដែលធ្វើឱ្យអគារធនធានដើរតួនាទីប្រកបដោយនវានុវត្តន៍ សម្រាប់ការរៀន និងបង្រៀនដូចជា សិក្ខាសាលា ការចែករំលែកវិធីសាស្រ្តបង្រៀន ការងារក្រុម និងកិច្ចប្រជុំបច្ចេកទេសជាដើម។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងបានបន្ថែមថា អគារធនធានក៏បានដើរតួជាមជ្ឈមណ្ឌលសម្រាប់សិស្ស គ្រូ និងសហគមន៍ ដូចជាការរៀបចំផែនការអភិវឌ្ឍសាលារៀន និងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន។ អគារធនធានក៏បានជំរុញការច្នៃប្រឌិត ដូចជាការធ្វើការងារគម្រោង ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការតាំងពិពរណ៌ស្នាដៃរបស់សិស្ស សកម្មភាពក្រៅម៉ោងសិក្សា កម្មវិធីប្រកួតប្រជែងអំណាន និងគណិតវិទ្យា។ អគារធនធានពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ និងមានផលជះដល់លទ្ធផលសិក្សារបស់សិស្ស តាមរយៈភាគរយជាប់បាក់ឌុប និងចំនួនសិស្សជាប់និទ្ទេស A ជាដើម។

ជារួម អគារធនធានគឺជាមជ្ឍមណ្ឌលដ៏មានសារៈសំខាន់បម្រើឱ្យការគ្រប់គ្រង ដឹកនាំការបង្រៀន និងរៀន លើកកម្ពស់គុណភាពអប់រំនៅសាលារៀន ពិសេសពង្រឹងការអប់រំបែបស្ទែម វិទ្យាសាស្ត្រ ឱ្យសិស្សមានបំណិនសតវត្សរ៍ទី២១ ផ្តល់ចំណេះដឹងច្នៃប្រឌិត ការគិតស៊ីជម្រៅ និងជួយបង្កើតប្រព័ន្ធគាំទ្រដែលមានប្រសិទ្ធភាពផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





