ឯកឧត្តម ស៊ុម សុខម្ភូ ដឹកនាំកិច្ចប្រជុំត្រៀមចុះប្រមូលធាតុចូលតំបន់សក្តានុពលដើម្បីអភិវឌ្ឍតាមតំបន់ព្រំដែន ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុម សុខម្ភូ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមសម្រាប់ចុះបេសកកម្មប្រមូលធាតុចូលតំបន់សក្តានុពលដើម្បីអភិវឌ្ឍតាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងផ្តោះប្តូរយោបល់គ្នាអំពីការត្រៀមលក្ខណៈសម្បត្តិក្នុងការចុះបេសកកម្មសិក្សា និងប្រមូលធាតុចូលតំបន់សក្តានុពលក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដើម្បីធានាធ្វើយ៉ាងណាឱ្យការចុះប្រមូលទិន្នន័យទទួលបានលទ្ធផលដូចការរំពឹងទុក សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ព្រំដែន នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលកិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយស្មារតីភាតរភាព៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





