ប្រជាពលរដ្ឋ៩ភូមិ ស្រុកអង្គស្នួល ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP កណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋចំនួន៩ភូមិ គឺភូមិត្រើយបឹង ភូមិប្របវត្ត ភូមិទួលលៀប ភូមិសល់ដី ភូមិចំការស្លែង ភូមិក្រាំងលាវ ភូមិទន្លាប់ ភូមិចំបក់ទន្សាយ ភូមិត្រពាំងរាំង ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥៥,០៩៤បណ្ណ សម្រាប់យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ និងជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ អនុវត្តតាមគោលនយោបាយគន្លឹះរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លី បង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល នឹងខិតខំប្រឹងប្រែង ដើម្បីជំរុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យបានចប់នៅឆ្នាំ២០២៥នេះ។ ការចុះបញ្ជីដីធ្លីបង្ហើយគឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗ ក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ឯកឧត្តមអភិបាលខេត្តបានសម្ដែងការអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋក្នុងឃុំឫស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ដែលទទួលបានកម្មសិទ្ធិនាពេលនេះ។

សូមជម្រាបថា បើយោងតាមរបាយការណ៍របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី គរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ស្រុកអង្គស្នួលបានបង្កើតក្រុមចុះបញ្ជីនៅដើមឆ្នាំ២០០៤ និងបានកែសម្រួលក្រុមចុះបញ្ជីថ្មីនៅឆ្នាំ២០២៣ មាន២០០ភូមិ បានចុះបញ្ជីចប់ចំនួន ៤ឃុំ សរុប១២៤ភូមិ និងកំពុងអនុវត្តបន្តភូមិចំនួន៧៦។ ជាលទ្ធផលការវាស់វែងប្រមូលទិន្នន័យបានចំនួន ១១៧ ៩៩៨ ក្បាលដី បញ្ចូលទិន្នន័យក្បាលដី បានចំនួន ១១១ ៦៥២ក្បាលដី និងសម្រេចចេញបណ្ណ ១២៤ភូមិបានចំនួន បានចំនួន ៥៥,០៩៤ ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





