កម្មវិធីគម្រប់ខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីគម្រប់ខួប២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI (Clinton Health Access Initiative) ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា និងពិធីជូនដំណើរ លោកស្រី Soleine Scotney ដែលបានបញ្ចប់បេសកកម្មជានាយិការបស់អង្គការ CHAI ប្រចាំនៅកម្ពុជាអស់រយៈពេល៥ឆ្នាំ ដោយពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ និងមានអ្នកចូលរួមប្រមាណ១៥០នាក់ រួមមាន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា អង្គភាពក្រោមឱវាទក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា។

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីរំលឹកខួប២០ឆ្នាំនៃភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ CHAI។ ក្នុងរយៈពេល២ទស្សវត្យកន្លងមក CHAI បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា កិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងអង្គការ CHAI នេះ បានរីកចម្រើនល្អប្រសើរ និងបានចាប់ដៃគ្នា បេ្តជ្ញាចិត្តរួមគ្នាក្នុងប្រតិបត្តិការសំខាន់ៗ រួមមាន ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខភាពបន្តពូជ និងមាតា យុទ្ធនាការចាក់ថ្នាំបង្ការ ប្រព័ន្ធអុកស៊ីហ្សែន ពង្រឹងសេវាមន្ទីរពិសោធន៍ ការការពារជំងឺមិនឆ្លង និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឌីជីថល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសសើរចំពោះអង្គការ CHAI និងលោកស្រី Soleine Scotney ដែលបានលះបង់ពេលវេលា មិនត្រឹមតែជួយកម្ពុជានោះទេ តែបានស្វែងយល់នូវបញ្ហាដែលកម្ពុជាជួបប្រទះ និងបានចូលរួមផ្តល់មតិយោបល់ ព្រមទាំងបានចូលរួមក្នុងការងារជាមួយក្រសួងសុខាភិបាល ក្នុងបេសកកម្មសំខាន់ៗជាច្រើនផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកបន្ថែមអំពីការយកចិត្តទុកដាក់ និងការលះបង់របស់ CHAI ដែលតែងតែនៅឈរជាមួយកម្ពុជា និងឆ្លងកាត់ឧបសគ្គជាមួយគ្នានាពេលកន្លងមក ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យបានទទួលលិខិតពីថ្លែងអំណរគុណពីលោក Bill Clinton ជាអតីតប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក ព្រមទាំងជាស្ថាបនិក និងជាប្រធាននៃ Clinton Global Initiative (CGI) តាមរយៈ លោក Joshua Chu នាយកប្រតិបត្តិការអង្គការ CHAI និងបានបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេនា ដល់លោកស្រី Soleine Scotney និងសហការី២រូប នៃអង្គការ CHAI ដើម្បីជាការថ្លែងអំណរគុណ សម្រាប់ការដឹកនាំដ៏ល្អរបស់លោកស្រី ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការជាមួយក្រសួងសុខាភិបាល និងចូលរួមចំណែកក្នុងបេសកកម្មលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





