សាលាអនុគណខណ្ឌឫស្សីកែវប្រគល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- ព្រះគ្រូរតនប្បជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី រួមទាំងព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដែលរួមមាន អង្ករ ទឹកក្រូច មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ត្រីខ ទឹកដោះគោ ស្ករស តែ សម្ភារប្រើប្រាស់ក្នុងផ្ទះបាយ និងថវិកាមួយចំនួន ដើម្បីយកទៅបម្រើដល់កិច្ចការមនុស្សធម៌ដូចជា ចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនានា និងពលរដ្ឋនៅក្នុងខណ្ឌ ដែលមានជីវភាពខ្វះខាតជាដើម។

ព្រះគ្រូរតនប្បជោតិ ខឹម សម្បត្តិ មានថេរដីកាថា នេះគឺជាការប្រគល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវពីសំណាក់សាលាអនុគណខណ្ឌឫស្សីកែវ រួមទាំងព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវប្រកបដោយការជ្រះថ្លាជាទីបំផុត ដើម្បីបានជាការរួមចំណែកជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌក្នុងការបំពេញទានសម្រាប់ពលរដ្ឋរងគ្រោះនានា ជាពិសេសពលរដ្ឋរង គ្រោះដោយភ្លើងឆេះផ្ទះជាដើម និងពលរដ្ឋក្រីក្រខ្វះខាតដែលត្រូវការជំនួយដើម្បីដោះស្រាយការ លំបាកមួយរយៈពេលខ្លី ជាពិសេសគឺការហូបចុក។ ព្រះគ្រូរតនប្បជោតិបានសម្តែងនូវការកោតសរសើរចំពោះស្ថាប័នមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា ប្រធាន ដែលបានខិតខំប្រឹងក្នុងការបំពេញកិច្ចការមនុស្សធម៌តាំងពីដើមរហូតរៀងមក ដែលធ្វើឱ្យស្ថាប័នមនុស្សធម៌មួយនេះក្លាយជាស្ថាប័នគំរូសម្រាប់ប្រទេសដទៃៗទៀត និងបានក្លាយជាលំអានមួយ ដ៏ល្អប្រសើរសម្រាប់សាខា ឬអនុសាខាកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេសកម្ពុជាយកគំរូតាម និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវនេះ ក្នុងន័យរួមគ្នាបំពេញនូវកិច្ចការមនុស្សធម៌ ដែលបានតម្រង់ឆ្ពោះទៅរកជន រងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនេះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសាលាអនុគណខណ្ឌឫស្សីកែវ រួមទាំងវត្តទាំង៤ក្នុងខណ្ឌ ដែលថ្ងៃនេះបានប្រគល់អំណោយជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ រួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីអនុសាខាយកទៅប្រើប្រាស់ក្នុងការចែកជូនពលរដ្ឋរងគ្រោះ ជាពិសេសពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះជាដើម។ លោកអភិបាលខណ្ឌបានលើកឡើងថា ព្រះគ្រូរតនប្បជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី រួមទាំងព្រះចៅអធិការទាំង៤វត្តក្នុងខណ្ឌឫស្សីកែវ នាពេលកន្លងមកតែងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញនូវកិច្ចការមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដែលនេះគឺជាគំរូមួយដ៏ល្អរបស់ស្ថាប័នព្រះពុទ្ធសាសនានៅកម្ពុជា។


ឆ្លៀតក្នុងឱកាសនេះលោក ជិន ប៊ុនធឿន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសការស្ថាបនាផ្លូវបេតុង ការស្តារប្រឡាយ អូរ ព្រែក និងការដាក់លូជាដើមគឺដើម្បីធ្វើការរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាកុំឱ្យជន់លិចផ្លូវ និងលិចលំនៅឋាន របស់បងប្អូនប្រជាបលរដ្ឋនៅពេលមានភ្លៀងធំម្តងៗ ដែលកិច្ចការនេះរដ្ឋបាលខណ្ឌធ្វើបានច្រើនរួចមក ហើយនាពេលកន្លងមក និងបន្តខិតខំធ្វើបន្ថែមទៀតដោយមិនឈប់នោះឡើយ៕
ដោយ៖ ចាន់ សុភឿន





