ក្បាលដីភូមិចំនួន៤ សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ត្រូវបានបិទផ្សាយជាសាធារណៈ
AKP កណ្ដាល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--
ក្បាលដីចំនួន ២ ៩៥២ ក្បាលដី ស្មើនឹង០៤ភូមិ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យក្នុងភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម និងភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានគណៈកម្មការរដ្ឋបាលខេត្តកណ្តាល ធ្វើការបិទផ្សាយជាសាធារណៈ ដើម្បីជូនប្រជាពលរដ្ឋផ្ទៀងផ្ទាត់នូវទិន្នន័យ និងដាក់ពាក្យប្តឹងតវ៉ាផ្សេងៗ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិ។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ និងទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លីប្រកបដោយប្រសិទ្ធភាព។ ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ថាពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី០២ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈពេល១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី និងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺឈានទៅដល់ការផ្តល់បណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ។

តាមការបញ្ជាក់របស់លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្រុងអរិយក្សត្រ បានចំនួន១១លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន០៤ភូមិ គឺភូមិជ្រោយខ្សាច់ ភូមិបាក់ដាវលើ ភូមិបាក់ដាវក្រោម និងភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ សរុបមាន ចំនួន ២ ៩៥២ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





