ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីប្រកាសតែងតាំងអភិបាលរងស្រុកខ្សាច់កណ្ដាលថ្មី
AKP កណ្ដាល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--
លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ ត្រូវបានផ្លាស់ប្ដូរមកកាន់តួនាទីជាអភិបាលរងស្រុកខ្សាច់កណ្តាល ដោយពិធីប្រកាសតែងតាំងនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរបញ្ចប់ភារកិច្ចគឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា។ ការផ្លាស់ប្ដូរមុខតំណែងតួនាទី គឺជាការផ្ដល់ឱកាសឱ្យយើង ពង្រឹងសមត្ថភាពបានកាន់តែល្អប្រសើរ មានបទពិសោធន៍ការងារច្រើន មានទំនាក់ទំនង និងមានសហការីច្រើន ជួយជំរុញដល់ការបំពេញតួនាទីភារកិច្ចរបស់យើងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមបានស្នើដល់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ត្រូវគាំទ្រដល់លោកស្រីអភិបាលរងស្រុកថ្មី ព្រមទាំងបានជំរុញដល់លោកស្រីអភិបាលរងស្រុក ដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។ អាជ្ញាធរស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារភូមិឃុំមានសុវត្ថិភាព ជាពិសេសចំពោះបញ្ហាក្មេងទំនើងត្រូវមានវិធានការទប់ស្កាត់លុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋាន ត្រូវប្រើទាំងវិចារការច្បាប់ និងអប់រំផ្សព្វផ្សាយដល់យុវជន អាណាព្យាបាល ឱ្យយល់ដឹង កុំបង្កអំពើហិង្សាក្នុងមូលដ្ឋាន។ ត្រូវដាក់បន្ទុកលើអាណាព្យាបាល និងជនដៃដល់ និងត្រូវខិតខំស្រាវជ្រាវរកជនបង្កយកមកដាក់ទោសតាមច្បាប់ដោយគ្មានការលើកលែង។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុក ត្រូវតែត្រៀមរៀបចំផែនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សូមត្រៀមផែនការជួយដោះស្រាយបញ្ហាជំងឺសត្វពាណៈ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ដល់ការចិញ្ចឹមការថែទាំ របស់ប្រជាពលរដ្ឋ ត្រូវរាយការណ៍មកដល់ថ្នាក់លើដើម្បីជួយអន្តរាគមន៍ ករណីដោះស្រាយមិនបាន។ ក្រៅពីនេះសូមអាជ្ញាធរស្រុក និងឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើនីតិវិធីលទ្ធកម្ម ក្នុងការអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ មានគុណភាព ធានាការប្រើប្រាស់បានយូរអង្វែង ចំពោះក្រុមហ៊ុនដែលទទួលបានការដេញថ្លៃគម្រោង ត្រូវអនុវត្តគម្រោងឱ្យបានត្រឹមត្រូវមានគុណភាព ធ្វើឱ្យបានឆាប់រហ័សទាន់ពេលវេលា៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





