ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាសកលសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ នៅប្រទេសស្វីស
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូ បរស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមសម័យកិច្ចប្រជុំលើកទី៨ ស្ដីពីវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគ្រោះមហន្ដរាយបានបញ្ជាក់ថា វេទិកាសកលនេះគឺជាវេទិកាសកលសម្រាប់គ្រប់ភាគីពាក់ព័ន្ធដែលមានអ្នកចូលរួមជាច្រើន រួមទាំងរដ្ឋាភិបាល ប្រព័ន្ធអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតមករួមគ្នា ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការងារសេន ដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៥-២០៣០ ដោយការចែករំលែកចំណេះដឹង ពិភាក្សាអំពីការអភិវឌ្ឍ និងនិន្នាការចុងក្រោយបង្អស់ក្នុងការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ កំណត់គម្លាតចន្លោះខ្វះខាត និងផ្ដល់អនុសាសន៍ ដើម្បីពន្លឿនការអនុវត្តក្របខ័ណ្ឌការងារសេនដាយ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ចំនួន០២គឺ៖ ទី១. វឌ្ឍនភាពក្នុងតំបន់លើការអនុវត្តក្របខ័ណ្ឌការងារសេនដាយ និងអនុសាសន៍លើការត្រួតពិនិត្យឡើងវិញ ពាក់កណ្ដាលអាណត្តិ និងទី២. ពន្លឿនការផ្ដល់ហិរញ្ញប្បទានសម្រាប់ភាពធន់ ដំណោះស្រាយសមស្របសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

តបតាមកម្មវិធីគ្រោងទុក ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម នឹងអញ្ជើញជួបតំណាងពិសេសរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងជាប្រធានលេខាធិការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា វេទិកាសកលលើកទី៨ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (GP2025) នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងហ្សឺណែវ ឆ្នាំ២០២៥។ សម័យប្រជុំនេះរៀបចំដោយលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ ទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយUNDRR និងដោយរដ្ឋាភិបាលនៃប្រទេសស្វីស៕
ដោយ សួស សំរិត





