ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គិភ័យដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់
AKP កំពង់ចាម ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--
នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន៣ គឺឃុំកោះរកា និងឃុំកោះសំរោង ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីសម្រាប់ជួយអន្តរាគមន៍ដល់ជូនប្រជាពលរដ្ឋ នៅពេលជួបបញ្ហាផ្សេងៗ គ្រោះអគ្គិភ័យជាដើម ដោយមូលដ្ឋានទាំងនោះជាតំបន់ដីកោះទឹកលិចនៅរដូវវស្សា។

ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ទាប់ពីទទួលបានរថយន្តពន្លត់អគ្គិភ័យហើយ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ និងត្រូវត្រៀមជាស្រេចក្នុងការធ្វើអន្តរាគមន៍ក្នុងករណីឧបទ្ទវហេតុណាមួយកើតឡើង។

បើតាមការឱ្យដឹងរបស់លោក វរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គិភ័យសរុប១៧គ្រឿង (រថយន្តស្ទូច១គ្រឿង) ដែលគ្រប់ក្រុង-ស្រុកសុទ្ធតែមានរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ក្នុងនោះស្នងការដ្ឋាននគបាលខេត្តមាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយមាន២គ្រឿង ស្រុកស្រីសន្ធរមាន២គ្រឿង និងស្រុកព្រៃឈរ មាន២គ្រឿង។ ថ្ងៃនេះយើងក៏បានទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ផ្តល់ដល់បុស្តិ៍រដ្ឋបាលចំនួន៣ផងដែរ៕

ដោយ ឆាយ ម៉ុត





