អគ្គនាយកស៊ីម៉ាក់ ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សនិងពង្រឹងសមត្ថភាពមន្រ្តីស៊ីម៉ាក់បន្ថែមទៀត
AKP សៀមរាប ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ថា ដើម្បីឱ្យអង្គភាពស៊ីម៉ាក់ដំណើរការទៅមុខដោយរលូន និងកាន់តែមានភាពខ្លាំង យើងត្រូវការធនធានមនុស្សដែលមានសមត្ថភាពជាអ្នកបន្តវេន ខណៈបច្ចុប្បន្ននេះមន្រ្តីស៊ីម៉ាក់ជា១ពាន់នាក់បានដល់អាយុចូលនិវត្តន៍។ ដូចនេះ ឯកឧត្តមជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សថ្មីៗបន្ថែមទៀត ទាំងចេះដឹង ចំណេះធ្វើ និងបច្ចេកទេស និងឱ្យចូលបម្រើការជាមួយមន្រ្តីចាស់ៗ ដែលមានបទពិសោធន៍ច្រើន ទើបអ្នកបន្តវេនមានភាពខ្លាំង និងអាចប្រគួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗបាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលតែងតែជួយដល់ស៊ីម៉ាក់ ក្នុងពង្រឹងសមត្ថភាពមន្ត្រីជំនាញអង្គភាព CMAC លើការប្រើប្រាស់គ្រឿងចក្របោសសម្អាតមីន និងម៉ាស៊ីនរាវមីន ALIS ដែលមានការចូលរួមគាំទ្រដោយ JICA។
សូមជម្រាបថា រយៈពេល៥ខែ ២០២៥នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន៥៦.១៥២.៣៩៦ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១៧.៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ចំនួន១.៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន៧៩១.៤៦៦នាក់។

សូមជម្រាបជូនថា ចំពោះលទ្ធផលការងារកិច្ចប្រតិបត្តិការអន្ដរជាតិ អង្គភាពCMAC ក៏បានពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយភ្នាក់ងារផ្ដល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដោយបានចាត់តាំងថ្នាក់ដឹកនាំមួយចំនួនទៅចូលរួមក្នុងកិច្ចប្រជុំនានា នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសជប៉ុន ស៊េបប៊ី កូឡុំប៊ី និងប្រទេសស្វីស ដែលពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនផងដែរ៕

ដោយ ឃុត សៅ





