អាជ្ញាធរខេត្តកណ្ដាលចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងក្រុងតាខ្មៅ
AKP កណ្តាល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥-- ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងសោភ័ណភាពក្នុងក្រុងតាខ្មៅ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះស្រង់ទិន្នន័យសំណង់មានហានិភ័យ និងសំណង់មិនរៀបរយ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចង្អុលបង្ហាញរបស់ឯកឧត្តម គួច ចំរើន អភិបាលហេត្តកណ្ដាល ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យ អង្កេត និងប្រមូលព័ត៌មានសំណង់ចាស់ទ្រុឌទ្រោម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត ធ្វើបច្ចុប្បន្នភាពបណ្តាទីតាំងសំណង់មិនរៀបរយ ពិនិត្យវាយតម្លៃសភាពសំណង់ ដើម្បីកំណត់ថាសំណង់នោះមានសុវត្ថិភាព ឬក៏ហានិភ័យខ្ពស់ ចាត់វិធានការ ដើម្បីគ្រប់គ្រងចំពោះករណីសំណង់ដែលមានសភាពគ្រោះថ្នាក់។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានស្នើដល់ក្រុមការងារជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការយកចិត្តទុកដាក់ក្នុងការពិនិត្យឱ្យបានច្បាស់លាស់ ដោយកំណត់ឱ្យបាននូវគុណភាពសំណង់ សុវត្ថិភាពសំណង់ និងអាយុកាលនៃការសាងសង់របស់សំណង់ ដូចជាសាលារៀន វត្តអារាម ដែលមានអាយុកាលយូរៗ ដែលអាចប្រឈមដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងពុទ្ធបរិស័ទផងដែរ៕



ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





