អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានតែងតែលើកកម្ពស់ និងការពារសិទ្ធិ និងសេរីភាពអ្នកសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥--
ការលើកកម្ពស់វិជ្ជាជីវៈ និងការការពារ ក៏ដូចជាការគោរពនូវសិទ្ធិសេរីភាពអ្នកសារព័ត៌មាន គឺជាអ្វីដែលក្រសួងព័ត៌មានបាននិងកំពុងតែយកចិត្តទុកដាក់ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង។

ឯកឧត្តម ទេព អស្នារិទ្ធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ក្រសួងព័ត៌មានបានសម្របសម្រួល ដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសរុបចំនួន ៥៧ករណី។ ឯកឧត្តម បានបន្តថា រាល់កិច្ចខិតខំរបស់ក្រសួងលើបញ្ហានេះគឺតែតែគោរព និងឈរលើមូលដ្ឋានច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងនោះក្រសួងបានជ្រោមជ្រែងផ្តល់មេធាវីជួយការពារក្នុងដំណើរការនៃនីតិវិធីតុលាដើម្បីដោះស្រាយបណ្តឹងចំនួន ៨ករណី។
ឯកឧត្តមបានបន្ថែមទៀតថា ដោយឡែក ៤៣ករណីទៀតគឺ ត្រូវបានដោះស្រាយដោយការអប់រំតម្រង់ទិសលើការប្រតិបត្តិនិយាមវិជ្ជាជីវៈនិងក្រមសីលធម៌ ដោយឈរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាគោល ព្រមទាំងមានករណីអន្តរាគមន៍ផ្សេងៗទៀត។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា “ចំពោះទង្វើបំពានបទប្បញ្ញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ កិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងការបំពានសិទ្ធិឯកជនភាពបុគ្គលធ្ងន់ធ្ងរហើយមិនព្រមកែកំហុស ក្រសួងក៏បានអនុវត្តវិធានការលុបអាជ្ញាបណ្ណចំនួន ៩អង្គភាព ចេញលិខិតព្រមានចំនួន ១៣អង្គភាព និងបានព្យួរអាជ្ញាបណ្ណចំនួន ១អង្គភាពផងដែរ”។
ឯកឧត្តមបានឱ្យដឹងទៀតថា ជុំវិញស្ថានភាព និងការអនុវត្តក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ការលើកឡើងទាំងឡាយណាដែលគ្រាន់តែនិយាយឱ្យរួចពីមាត់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ គ្មានអ្វីសំអាងឬតឹកតាង គ្មានទឡ្ហីករណ៍ គ្មានការសិក្សាពិតប្រាកដ គឺពុំអាចយកជាការបានទេ និងអាចក្លាយជាការបំភ្លៃ។
ផ្អែកតាមការសិក្សាស្រាវជ្រាវស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ពុំមានការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មាន ឬការយាយីដល់ការអនុវត្តរបស់អ្នកសារព័ត៌មានត្រូវបានរកឃើញឡើយ ហើយអ្វីដែលរកឃើញកន្លងមកគឺ មានតែករណីពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ចំពោះបទល្មើសក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន ដែលការអនុវត្តនេះបានអនុលោមតាមគោលការណ៍នៃរបបប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ចំពោះករណីអ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬជួបវិវាទខណៈពេលប្រកបការងារដោយក្រមសីលធម៌ត្រឹមត្រូវ ត្រូវបានក្រសួង ផ្តល់ការគាំពារ សម្របសម្រួលដោះស្រាយ និងផ្តល់ការការពារតាមផ្លូវច្បាប់ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕
ដោយ ហេង បញ្ញា





