ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលា ខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិ យាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន០៧ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសាឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ សម្រាប់រយៈពេល១២ខែ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦។ ៥. ស្តាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត។ ៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែមេសា ឆ្នាំ២០២៥ និង៧. បញ្ហាផ្សេង។

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី១២ ឯកឧត្តម វង្ស ផាណាត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចំពោះគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ព្រោះបើនៅក្នុងមូលដ្ឋានគ្មានគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់នោះ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមនីយកម្ម មិនមានព្រួយបារម្ភ ភ័យខ្លាចមានចោរកម្ម លួច ឆក់ និងអំពើអនាចារផ្សេងៗ។ ដូច្នេះអាជ្ញាធរមូលដ្ឋានមានតួនាទីសំខាន់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសវិនិយោគិនក្នុងខេត្តរបស់យើង។

ទន្ទឹមនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោញការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដែលបានអនុវត្តការងារតាមប្រតិទិន្ន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា និងឈានទៅធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមប្រធានបានធ្វើការក្រើនរម្លឹកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងវិស័យឯកជនបន្តយកចិត្តទុកដាក់ ចូលរួមសហការគ្នាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ យើងត្រូវរួមគ្នារៀបចំកែលម្អសោភ័ណភាព អនាម័យ បរិស្ថាននៅតាមទីប្រជុំជនក្រុង ស្រុកឱ្យកាន់តែល្អប្រសើរសម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ និងវិនិយោគិនមកកម្សាន្ត ស្នាក់នៅក្នុងខេត្តព្រះសីហនុបានយូរ៕

ដោយ ងូ សុមុនី





