កម្ពុជា បន្តប្ដេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅឆ្នាំ២០៣៥
AKP ទីក្រុង Ningbo ប្រទេសចិន, ថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% នៅឆ្នាំ២០៣៥ ដូចដែលបានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្ដីពីការរួមចំណែករបស់ជាតិ (NDC 3.0)។

ថ្លែងក្នុងវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ ស្តីពី«ការអភិវឌ្ឍបៃតង និងចីរភាព» (2026 SCO Forum on Green and Sustainable Development ) ដែលបានធ្វើឡើងពីថ្ងៃទី២៨ ដល់ថ្ងៃទី០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង Ningbo ប្រទេសចិន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ភាពជាដៃគូអន្តរជាតិគឺជាកត្តាចម្បងក្នុងការសម្រេចបាននូវគោលដៅបរិស្ថាន ជាក់ស្តែង កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និង ក្រសួងធនធានធម្មជាតិចិន លើ «គម្រោងអភិរក្សឆ្នេរសមុទ្រ កម្ពុជា-ចិន» ជាគំរូនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងក្របខ័ណ្ឌ SCO និងទាញយកសក្តានុពលក្នុងការពង្រឹងកិច្ចសហការលើវិស័យបច្ចេកវិទ្យាបៃតង ការច្នៃប្រឌិត និងហិរញ្ញវត្ថុប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិក និងដៃគូសន្ទនារបស់ SCO ទាំងអស់ ឱ្យពង្រឹងសាមគ្គីភាពដើម្បីកសាងអនាគតមួយដែលកាន់តែមានភាពធន់ និងបៃតងសម្រាប់មនុស្សជំនាន់ក្រោយ ខណៈកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍបៃតង និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនៃ SCO។

សូមបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះ គឺស្ថិតក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ដែលមានសសរស្តម្ភបឺ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ទូច វលក័្ខណ





