អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ចេញសេចក្តីថ្លែងការណ៍រួម នៅទីក្រុង Ningbo ដោយប្តេជ្ញាជំរុញអភិបាលកិច្ចបរិស្ថានសកល និងការអភិវឌ្ឍបៃតង
AKP ទីក្រុង Ningbo, ប្រទេសចិន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ -- តាមរយៈកិច្ចប្រជុំ និងពិភាក្សាតំណាងមកពីបណ្តារដ្ឋសមាជិក SCO ប្រទេសសង្កេតការណ៍ ដៃគូសន្ទនា លេខាធិការដ្ឋាន និងស្ថាប័នអន្តរជាតិពាក់ព័ន្ធជាច្រើន វេទិកាបៃតង និង ការអភិវឌ្ឍដោយចីរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង Ningbo ខេត្ត Zhejiang នៃប្រទេសចិន ដោយបានសម្រេចនូវសេចក្តីថ្លែងការណ៍រួមដ៏សំខាន់មួយចំនួន សំដៅដោះស្រាយវិបត្តិអាកាសធាតុ និងជំរុញសេដ្ឋកិច្ចបៃតងនៅក្នុងតំបន់។

អង្គការសហប្រតិបត្តិការសៀងហៃ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកង្វះខាតក្នុងអភិបាលកិច្ចសកល និងការយឺតយ៉ាវនៃការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ភាគីទាំងអស់បានបញ្ជាក់ជំហររួមគ្នាថា "សាមគ្គីភាព" និង "ការពឹងពាក់គ្នាទៅវិញទៅមក" ជាកម្លាំងចលករក្នុងការកសាងសាងប្រព័ន្ធអភិបាលកិច្ចបរិស្ថានដែលមានភាពយុត្តិធម៌ និងឈ្នះ-ឈ្នះ។ ជាមួយគ្នានេះ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង សេចក្តីថ្លែងការណ៍រួម បានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗរួមមាន៖ ការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុ៖ ជំរុញការផ្លាស់ប្តូរទៅរកកាបូនទាបតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលបានកំណត់ដោយប្រមុខរដ្ឋ SCO។ ការត្រួតពិនិត្យការបំពុលខ្យល់៖ បង្កើនការចែករំលែកគោលនយោបាយ និងស្តង់ដាររួមក្នុងការបង្ការការបំពុលបរិយាកាស និងការប្រែប្រួលអាកាសធាតុ។ សម្ព័ន្ធបច្ចេកវិទ្យាបៃតង៖ បង្កើតភាពជាដៃគូស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាការពារបរិស្ថាន ដោយផ្អែកលើ "មូលដ្ឋានច្នៃប្រឌិតថ្មីផ្នែកបរិស្ថាន ចិន-SCO"។ បរិវត្តកម្មឌីជីថល៖ ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី។ ការបណ្តុះបណ្តាល៖ កសាងប្រព័ន្ធបណ្តុះបណ្តាលធនធានមនុស្សលើខ្សែច្រវាក់អភិវឌ្ឍន៍បៃតង និងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព។ ទីផ្សារកាបូន និងហិរញ្ញប្បទាន៖ ជំរុញការបង្កើតទីផ្សារកាបូន និងឧបករណ៍បច្ចេកទេសសម្រាប់ហិរញ្ញប្បទានបៃតងក្នុងចំណោមប្រទេសសមាជិក។ កិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុ៖ ស្វែងរកបណ្តាញហិរញ្ញប្បទានថ្មីៗ ដើម្បីគាំទ្រដល់គម្រោងអេកូឡូស៊ី និងការបំភាយឧស្ម័នទាប។ ប្តេជ្ញាអនុវត្តតាមក្របខ័ណ្ឌជីវចម្រុះសកល "គុនមីង-ម៉ុងត្រេអាល់" (Kunming-Montreal Global Biodiversity Framework)ដើម្បីធានានូវចីរភាពនៃធម្មជាតិ។

សូមជម្រាបជូនផងដែរថា តាមរយៈលទ្ធផលនៃវេទិកានេះ SCO ក៏បានបង្ហាញពិភពលោកឱ្យឃើញពីសាមគ្គីភាពរបស់ខ្លួន ក្នុងការក្លាយជាសសរស្តម្ភដ៏រឹងមាំ សម្រាប់កិច្ចការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្រិតសកល៕
ដោយ៖ ទូច វលក័្ខណ





