តំបន់អេកូទេសចរណ៍ តាតោកអូរក្រូច កប់ជ្រៅក្នុងជ្រលងបព្វតាទើបអភិវឌ្ឍន៍ថ្មី
AKP បាត់ដំបង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥-- សហគមន៍តំបន់អេកូទេសចរណ៍ តាតោកអូរក្រូចដែលទើបនឹងលេចចេញជារូបរាងនៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានភ្ញៀវទេសចរក្នុងស្រុក និងបរទេស កោតសរសើរស្ញប់ស្ញែងចំពោះជ្រលងទឹកជ្រោះ ស្ថិតក្នុងព្រៃដ៏ជ្រៅ ហើយសហគមន៍និងមន្ត្រីជំនាញទើបតែរុករកឃើញ និងធ្វើការអភិវឌ្ឍឱ្យទៅជាតំបន់អេកូទេសចរណ៍ដ៏រស់រវើក។

តំបន់សហគមន៍អេកូទេសចរណ៍មួយនេះទើបតែបង្កើតឡើងនៅឆ្នាំ២០២១ ដែលតំបន់នេះស្ថិតនៅភូមិតាតោក និងភូមិអូរក្រូចនៃឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ កាលពីដើម តំបន់នេះគឺជាសហគមន៍ការពារព្រៃឈើប៉ុណ្ណោះ ប៉ុន្តែដោយសារតំបន់នេះមានទេសភាពធម្មជាតិ ព្រៃភ្នំ អូរ ទឹកជ្រោះដ៏អំណោយផល ទើបប្រជាសហគមន៍សម្រេចបង្កើតជាតំបន់ទេសចរណ៍តែម្តង។ សហគមន៍ទេសចរណ៍តាតោកអូរក្រូចមានចម្ងាយ៩០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ហើយជាតំបន់ទេសចរណ៍បែបផ្សងព្រេងថ្មីមួយក្នុងខេត្តបាត់ដំបង ដោយនៅទីនោះមានទេសភាពព្រៃព្រឹក្សាស្រស់បំព្រង និងទឹកធ្លាក់គួរជាទីគយគន់។

ភ្ញៀវទេសចរក្នុងស្រុក និងបរទេស បានធ្វើដំណើរទៅកម្សាន្ត ដោយមានអ្នកខ្លះធ្វើដំណើរបែបផ្សងព្រេង តាមរយៈរទេះរបស់អ្នកភូមិរស់នៅក្នុងតំបន់នោះដែលបង្កើតបាននូវមុខរបរផ្តល់ប្រាក់ចំណូលដល់ពួកអ្នកស្រុក ហើយទេសភាពនៅទីនោះហាក់ដូចជានៅលើពពកដោយសារតែព្រៃភ្នំជ្រោះជ្រលងដងអូរ គឺហ៊ុំព័ទ្ធដោយអ័ព្ទពពក មើលព្រៃភ្នំស្ទើរតែមិនឃើញ។ ដូច្នេះគេសង្ឃឹមថា តទៅខាងមុខតំបន់នេះនឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ល្អប្រណិត និងមានភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើន។

បើតាមលោក ឈន ពិន រស់នៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ដែលជាអ្នកប្រកបរបរស្វែងរកអនុផលព្រៃឈើ និងស្គាល់ភូមិសាស្ត្រច្បាស់លាស់ បានឱ្យដឹងថា ពួកអ្នកដើរលេងព្រៃដែលជិះម៉ូតូមកបានផ្ញើម៉ូតូទុកនៅតាមផ្ទះអ្នកភូមិ ហើយជួលរទេះក្របីដាក់ឥវ៉ាន់ចូលព្រៃដាក់តង់ទៅសម្រាកយប់។ យើងមើលសុវត្ថិភាពដល់ពួកគេ ហើយពួកគេផ្តល់ប្រាក់កម្រៃឱ្យយើង ខ្លះតិចខ្លះច្រើន។

ដោយឡែក អ្នកមីង ស៊ៀប ភួន ដែលជាអ្នកជិតខាងក្នុងភូមិជាមួយលោកពូ ឈន ពិន បានលើកឡើងថា ពួកអ្នកមកលេងមានម្ហូបមកជាមួយ តែគេជួយទិញមាន់ហើយឱ្យយើងស្ងោរដុតឱ្យគេ ដាំបាយព្រឹកឱ្យគេមុនពេលគេត្រឡប់ទៅវិញ អ្នកភូមិរកលុយបានពីអ្នកមកលេង។

ក្នុងចំណោមអ្នកទៅកម្សាន្តនៅក្នុងតំបន់នោះ ក៏មានភ្ញៀវទេសចរមួយចំនួនបានលើកឡើងថា "ថ្វីត្បិតតែតំបន់នេះមានទឹកជ្រោះធ្លាក់ដូចកន្លែងដទៃទៀតក៏ពិតមែន ប៉ុន្តែតំបន់នេះខុសប្លែកពីគេដោយសារតែលើព្រៃព្រឹក្សា គឺគ្របដោយផ្សែងអ័ព្ទពពក ទើបធ្វើឱ្យតំបន់នេះមានទេសភាពខុសប្លែកពីគេ" ហើយគេក៏សង្ឃឹមថា អាជ្ញាធរ និងមន្ត្រីជំនាញនឹងប្រញាប់ប្រញាល់ស្ថាបនាផ្លូវឱ្យបានល្អឆ្ពោះទៅដល់គោលដៅដែលភ្ញៀវទេសចរមានបំណងចង់ទៅលេង និងបោះតង់សម្រាកលម្ហែ៕
ដោយ សុផល





