ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍នៅរង្វង់មូលផ្លូវជាតិ៥៨ ក្រុងប៉ោយប៉ែត លើកកម្ពស់សុវត្ថិភាពចរាចរណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥--អាជ្ញាធរក្រុងប៉ោយប៉ែតបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់ តាមរយៈការដឹកនាំផ្ទាល់ពីឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ក្នុងការចុះរៀបចំបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍នៅត្រង់ចំណុចរង្វង់មូលផ្លូវជាតិលេខ ៥៨ ក្នុងក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះមានការចូលរួមយ៉ាងសកម្មពីឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត ព្រមទាំងលោកចៅសង្កាត់ទាំង ៥ ក្នុងក្រុងប៉ោយប៉ែត កងកម្លាំងប្រជាការពារ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធបែបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមាននៅចំណុចរង្វង់មូលសំខាន់នេះ។

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា គោលបំណងសំខាន់នៃការបំពាក់ភ្លើងប្រាប់ទីតាំងចរាចរណ៍នេះ គឺដើម្បីបង្កើនភាពងាយស្រួលក្នុងការសម្គាល់ទីតាំងរង្វង់មូលពីចម្ងាយសម្រាប់អ្នកធ្វើដំណើរ ជាពិសេសនៅពេលយប់ ឬក្នុងស្ថានភាពអាកាសធាតុមិនល្អ។ ភ្លើងសញ្ញាទាំងនេះនឹងជួយឱ្យអ្នកបើកបរអាចប៉ាន់ប្រមាណ និងគ្រប់គ្រងល្បឿនរថយន្តបានកាន់តែប្រសើរ មុនពេលចូលដល់រង្វង់មូល ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ សកម្មភាពដ៏យកចិត្តទុកដាក់នេះ បានទទួលការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាអ្នកដែលធ្វើដំណើរឆ្លងកាត់ទីក្រុងនេះ។ ជាក់ស្តែង មានប្រជាពលរដ្ឋមួយគ្រួសារដែលកំពុងធ្វើដំណើរឆ្លងកាត់រង្វង់មូលផ្លូវជាតិលេខ ៥៨ បានសម្តែងនូវក្តីរំភើបរីករាយ និងបានឈប់រថយន្តចុះមកថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ជាពិសេសចំពោះ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ចំពោះទឹកចិត្តដ៏ប្រពៃក្នុងការរួមសុខរួមទុក្ខ និងតែងតែគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ពួកគាត់បានកត់សម្គាល់ថា ឯកឧត្តមបណ្ឌិតតែងតែដឹកនាំ និងអនុវត្តសកម្មភាពនានាដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដោយគិតគូរដល់សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ដោយឯកឧត្តមបណ្ឌិតក៏បានលើកឡើងនូវសារសំខាន់នៃការប្រុងប្រយ័ត្ន និងការមិនបើកបរនៅពេលមានជាតិស្រវឹង ដើម្បីចៀសវាងនូវសោកនាដកម្មដែលអាចកើតឡើងដោយសារការធ្វេសប្រហែស។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា "សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។ ការគោរពច្បាប់ គឺជាការស្រឡាញ់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ជាពិសេស សូមចងចាំថា បើស្រវឹង សូមកុំបើកបរជាដាច់ខាត។ ពួកយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរទាំងអស់គ្នា"។ សកម្មភាពដ៏មានអត្ថន័យនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋាន ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត និងតំបន់ជុំវិញ។ នេះគឺជាគំរូដ៏ល្អមួយក្នុងការធ្វើការរួមគ្នា រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដើម្បីកសាងសង្គមមួយដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍ៕

ដោយ ឈុន សារ៉ាត




