ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតីនិងលោកជំទាវឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជននៅស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីនាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជនពិការដែលជាយុទ្ធមិត្តរួមអាវុធរួមការងារក្នុងទសវត្សឆ្នាំ១៩៨០ដែលបានទទួលមរណភាពនៅវេលាម៉ោង១និង១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយរោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំនៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ឈ្មោះ ប្រាក់ សាខន ឋានន្តរសក្តិ ពលបាលឯកអតីតនៅអង្គភាពយោធាស្រុកបារាយណ៍ និងអង្គភាពកងវរសេនាតូចលេខ១ចាស់នៃយោធាខេត្តកំពង់ធំ លោកបានត្រូវរបួសពិការនៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ។ លោកជាអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិរួមចំណែកក្នុងការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបារាយណ៍ និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក ប្រាក់ សាខន សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់ក្រុមគ្រួសារសពសូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើននិងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យសពយ៉ាងច្រើនកុះករនៅពេលនេះ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀលជូនក្រុមគ្រួសារសពព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសពរួមមាន អង្ករចំនួន១០០គីឡូក្រាម មីជាតិចំនួន៤កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ និងត្រីខកំប៉ុងចំនួន១កេសធំ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)




