និស្សិតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារទទួលយកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាលនៃរដ្ឋបាលខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥-- សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែងចំនួន៩០នាក់ ដឹកនាំដោយលោក ស៊ាន សុព័ន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាជាតិជាស៊ីមកំចាយមារ ត្រូវបានទទួលឱ្យចូលរួមស្តាប់នូវការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលខេត្តសៀមរាប ដែលកម្មវិធីធ្វើបទបង្ហាញនេះបានប្រព្រឹត្តទៅនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប។

វាគ្មិនចូលរួមធ្វើបទបង្ហាញនាឱកាសនោះរួមមាន លោកនាយកទីចាត់រដ្ឋបាលខេត្ត មន្ត្រីទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយខេត្ត លោកប្រធានផ្នែកស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋខេត្ត និងនាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ចំណុះសាលាខេត្តសៀមរាប។ រីឯខ្លឹមសារនៃការធ្វើបទបង្ហាញនោះគេបាននិយាយអំពីរបៀបរបបនៃការគ្រប់គ្រងឯកសារ ចរាចរលិខិតបទដ្ឋាននានាទៅតាមទីចាត់ការនិងអង្គភាពនានា អំពីនិតិវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នីតិវិធីនិងដំណើរការគ្រប់គ្រងនៃការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងតួនាទីភារកិច្ចលើកវិធីសាស្ត្រ សម្រុះសម្រួល ដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈការិយាល័យប្រជាពលរដ្ឋខេត្ត។ ហើយនៅក្នុងពិធីនោះដែរក៏មានការបកស្រាយនូវរាល់សំណួររបស់សមណនិសិ្សត និងនិសិ្សតដែលបានលើកឡើងនូវរាល់ចម្ងល់របស់ខ្លួនផងដែរ។

មានប្រសាសន៍ក្នុងពិធីធ្វើបទបង្ហាញនោះ លោក ឌី រ៉ាដូ ក្នុងនាមគណៈអភិបាលខេត្តសៀមរាបបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សមណនិសិ្សត និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលបានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និងចូលរួមក្នុងកម្មវិធីបទបង្ហាញនាថ្ងៃនេះ។

លោក ឌី រ៉ាដូ បានឱ្យដឹងថា កម្មវិធីនេះគឺជាការបើកចំហរ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់សមណនិសិ្សត និងប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប។ លើសពីនេះទៅទៀត កម្មវិធីនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឱ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ហើយម៉្យាងទៀតក្នុងការធ្វើបទបង្ហាញចែករំលែកលើប្រធានបទពាក់ព័ន្ធទៅនឹងការសិក្សារបស់និសិ្សតទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នានាក្នុងការអនុវត្តការងារជាក់ស្តែងរបស់ខេត្ត។ ដូចនេះរដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតនឹងទទួលបាននូវចំណេះដឹងបទពិសោធន៍ល្អៗ តាមការរំពឹងទុក និងស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សានៅលើទឹកដីប្រវត្តិសាស្ត្រនេះ៕


ដោយ ហង្ស សៀក




