សម្ដេចតេជោ ហ៊ុន សែន៖ សមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបឯកឧត្ដមប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះ សមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីជំនួបសម្ដែងការគួរសម និង ពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងខណៈដែលសម្ដេចតេជោ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី។

ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងការស្វាគមន៍ចំពោះសម្តេចតេជោ ដោយឯកឧត្តមលើកឡើងថា ជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោនៅឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានជួបសម្តេចនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០២៤ មុនឯកឧត្តម ស្បថចូលកាន់ដំណែង។ ឯកឧត្តមប្រធានាធិបតីបន្តថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តមដឹងថា ទស្សនកិច្ចនៅពេលនេះ សម្តេចតេជោ គ្រោងធ្វើបាឋកថាពិសេស នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា។ ឯកឧត្តមបន្តថា ឥណ្ឌូណេស៊ី តែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សារជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌអាស៊ាន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តមប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេចនិងឯកឧត្តមបានស្គាល់គ្នាជាង ៣០ ឆ្នាំមកហើយ ដោយសម្តេចសូមគោរពចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា។ សម្តេចតេជោលើកឡើងថា កម្ពុជានិងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដែលឯកឧត្តមប្រធានាធិបតី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។

សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូណេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល ។ សម្តេចតេជោបន្តថា ប្រទេសយើងទាំងពីមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានជម្រាបទៅលើប្រធានាធិបតីឥណ្ឌូណេស៊ី ពីការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាចំពោះឯកឧត្តមក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្រប។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ មានប្រធានាធិបតីឥណ្ឌូណេស៊ីជាច្រើនបានទៅទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតបលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអរព្រះគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញ រូបឯកឧត្តម ហើយឯកឧត្តមប្រធានាធិបតី បានជម្រាបសម្តេចតេជោថា ឯកឧត្តម សូមទទួលយក និងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ ឱ្យនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តម ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល ៦ ខែ ដែលឯកឧត្តម ធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូណេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខថាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។ ឯកឧត្តមបន្តទៀតថា ឥណ្ឌូណេស៊ី ចង់ឱ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នាលើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរ ឯកឧត្តម ប្រាបូវ៉ូ លើកឡើងផងដែរថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឱ្យពង្រីកបន្ថែម។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន បទលើឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕
ដោយ៖ ជឹម ណារី




