ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

ពិធីបើកការដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ អំពីវឌ្ឍនភាព និងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជូនជាតិមាតុភូមិ តាមរយៈ ការចាប់ផ្តើមអនុវត្តនូវគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ដែលក្នុងនោះ រួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់, ការសាងសង់ស្ថានីយបូមទឹកកខ្វក់បណ្តាញលូទឹកកខ្វក់ និងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់ទទួលសេវាចំនួន ០៦សង្កាត់ ក្នុងក្រុងតាខ្មៅ ព្រមទាំងការសាងសង់ប្រព័ន្ធ រំដោះទឹកជំនន់ក្នុងក្រុងតាខ្មៅផងដែរ។
សមិទ្ធផលដែលនឹងលេចចេញជារូបរាងឡើងក្នុងរយៈ ពេលបីឆ្នាំខាងមុខនេះ គឺជាលទ្ធផលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងនូវទំនាក់ទំនងជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំពង្រឹង និងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបាននិងកំពុងនាំមកនូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនបន្ថែម ទៀតដល់កម្ពុជា។
ក្នុងនាមជាមិត្តដ៏ស្និទ្ធស្នាល និងជាដៃគូ យុទ្ធសាស្ត្ររបស់កម្ពុជា កូរ៉េតែងតែបានជួយឧបត្ថម្ភនិងគាំទ្រកម្ពុជា ដោយបានផ្តល់នូវជំនួយ បច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាបន្តបន្ទាប់ សម្រាប់លើកស្ទួយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ដោយរួមទាំងការអភិវឌ្ឍរីកចម្រើន នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងប្រព័ន្ធចម្លោះទឹកកខ្វក់ផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន




