មន្ត្រីអាជ្ញាធរជាតិអប្សរា៣០រូបត្រូវបានពង្រឹងសមត្ថភាពស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស
AKP សៀមរាប ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥-- មន្ត្រី និងបុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀតនៃអាជ្ញាធរជាតិអប្សរាចំនួន៣០រូប ត្រូវបានពង្រឹងសមត្ថភាពស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។
ការពង្រឹងសមត្ថភាពស្តីពីការរៀបចំរបាយការណ៍បច្ចេកទេសនេះត្រូវបានធ្វើឡើងតាមរយៈសិក្ខាសាលាចំនួន៣ថ្ងៃដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានវាគ្មិនជំនាញៗមកពីនាយកដ្ឋានពាក់ព័ន្ធនានានៃអាជ្ញាធរជាតិអប្សរាចូលរួមធ្វើបទបង្ហាញ។ ហើយសិក្ខាសាលានេះដែរមានគោលបំណងពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ពិសេសមន្ត្រី និងបុគ្គលិកដែលទទួលភារកិច្ចផ្នែកការងារបច្ចេកទេសលើការងារគ្រប់គ្រង អភិរក្ស ស្រាវជ្រាវ ចុះបញ្ជីបេតិកភណ្ឌ ការងារគ្រប់គ្រងទឹក ព្រៃឈើ ការងាររៀបចំដីធ្លី ព្រមទាំងការរៀបចំឯកសារ (documentation)។


បើយោងតាមការឱ្យដឹងពីសំណាក់លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វគ្គសរសេររបាយការណ៍បច្ចេកទេសនេះនឹងជំរុញឱ្យសិក្ខាកាមបានយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ស្តីពីគោលការណ៍ណែនាំ វិធីសាស្ត្រ ក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌ ការងារថែទាំ ជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌ អាចកំណត់សម្គាល់កម្រិតហានិភ័យ និងអាចផ្តល់ជាព័ត៌មានដ៏សំខាន់ទាំងឡាយ ចំពោះការបម្រែបម្រួលនៃស្ថានភាពប្រាសាទ ដល់អ្នកជំនាញ ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។


លោក ឡុង កុសល បានបញ្ជាក់ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រី-បុគ្គលិកបន្តវេន ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ប្រកបដោយចីរភាព និងប្រសិទ្ធភាព៕

ដោយ ហង្ស សៀក




