ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥តាមឃុំសង្កាត់ មានលក្ខណៈងាយស្រួល និងដំណើរការល្អ
AKP កំពត ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥-- ក្រុមការងារចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងអាជ្ញាធរឃុំសង្កាត់ បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ កំពុងដំណើរការល្អ ប្រជាពលរដ្ឋមានការយល់ដឹង និងបានមកពិនិត្យ និងធ្វើជីវមាត្រជាបន្តបន្ទាប់ ខណៈដែលការផ្ទេរការិយាល័យ និងការចុះឈ្មោះថ្មី មានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
លោក តេង រីយ៉ុន អនុប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត (ក.ច.ប) សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១-២៦ ខែឧសភា ឆ្នាំ២០២៥។ ៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋបាននាំគ្នាមកពិនិត្យ និងចុះឈ្មោះយ៉ាងសស្រាក់សស្រាំ។


លោក ទី វុទ្ធី ចៅសង្កាត់កំពង់កណ្តាល បានឱ្យដឹងដែរថា សម្រាប់សង្កាត់កំពង់កណ្តាល ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្នោះបោះឆ្នោត (គ.ជ.ប) សរុប ៤ ៨៨៥នាក់ ហើយការចុះឈ្មោះថ្មី ចាប់ពីថ្ងៃ០១ ដល់ថ្ងៃទី០៤ បានចំនួន២០នាក់ និងធ្វើជីវមាត្របាន១៦៥នាក់។ លោកបានបញ្ជាក់ថា ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ កាន់តែងាយស្រួល និងឆាប់រហ័ស។
ប្រជាពលរដ្ឋក៏បានបង្ហាញអារម្មណ៍រីករាយក្នុងការមកពិនិត្យ និងចុះឈ្មោះបោះឆ្នោតដែរថា ការមកពិនិត្យ និងចុះឈ្មោះបោះឆ្នោត ជាកាតព្វកិច្ចរបស់ពលរដ្ឋ។ លោកបានស្នើដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គួររូសរាន់មកពិនិត្យឱ្យបានគ្រប់គ្នា ដើម្បីងាយស្រួលក្នុងពេលបោះឆ្នោត។


តាមរបាយការណ៍របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ពលរដ្ឋមានឈ្មោះក្នុងបញ្ជីឆ្នាំ២០២៤ សរុបចំនួន ៤៣៥ ០២៦នាក់ ក្នុងនោះពលរដ្ឋពលរដ្ឋត្រូវធ្វើជីវមាត្រចំនួន២៩០ ៣៦៨នាក់។ ហើយបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតតាមបណ្តាឃុំសង្កាត់នៃខេត្តកំពត គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋមកចុះឈ្មោះបន្ថែម ចំនួន១៥៣៦នាក់ ក្នុងនោះ ចុះឈ្មោះថ្មី១០៧៧នាក់ ផ្ទេរចូល៣២៤នាក់ ប្តូរការិយាល័យក្នុងឃុំ១៣៥នាក់ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន៥០២នាក់ សរុបពលរដ្ឋក្នុងបញ្ជីបោះឆ្នោតគិតត្រឹមថ្ងៃទី០៤ ខែឧសភា មានចំនួន៤៣៦០៦០នាក់៕
ដោយ ប្រាក់ លាង




