សំបុកពងកូនរបស់សត្វជើងទៀនត្រូវបានរកឃើញនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥-- សត្វជើងទៀនគឺជាសត្វស្លាបតំបន់ដីសើម។ សត្វឈ្មោលពេញវ័យមានខ្លួនពណ៌ខ្មៅស ចំពុះតូចត្រង់វែងស្រួច មានជើងវែងពណ៌ក្រហម ស្លាបខ្មៅ បន្ទូលក្បាល និងកផ្នែកខាងក្រោយពណ៌ប្រផេះ។ នៅរដូវបន្តពូជ សត្វឈ្មោលមានដងខ្លួន ពណ៌ស និងស្លាបពណ៌ខ្មៅ។

លោក ឈឿន សុជាតិ មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ថា កាលពីដើមខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមការងារយើងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានរកឃើញសំបុកពងកូនរបស់សត្វនេះចំនួន ១២សំបុក មានពងប្រមាណជា៤០គ្រាប់។ សូមជម្រាបជូនថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏ជាទីតាំងដ៏សំខាន់ដែលសត្វស្លាបប្រភេទនេះតែងតែមានវត្តមានរកចំណី និងពងកូនជារៀងរាល់ឆ្នាំផងដែរ។


លោកឈឿន សុជាតិ បន្តថា ទីជម្រកសត្វស្លាបប្រភេទនេះគឺរស់នៅតាមជាយនៃតំបន់ដីសើម វាលស្រែអំបិល តំបន់ឆ្នេរសមុទ្រ ទន្លេធំៗ វាលស្រែជាដើម ហើយវាមានវត្តមានពេញមួយឆ្នាំ។ រដូវបន្តពូជចាប់ពីខែមីនា ដល់ខែមេសា សត្វនេះ១ក្បាលមានពងចំនួន១ទៅ២គ្រាប់។ សូមចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅយើងទាំងអស់គ្នា៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)




