ក្រសួងពាក់ព័ន្ធជំរុញឱ្យអ្នកផលិតត្រូវចុះបញ្ជីកម្មសិទ្ធិបញ្ញាដើម្បីការពារផលិតផលរបស់ខ្លួន
AKP សៀមរាប ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់អ្នកផលិតទាំងអស់ត្រូវប្រញាប់យកផលិតផលរបស់ខ្លួនមកចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ដើម្បីចៀសវៀងការលួចបន្លំ ឬចម្លងយកស្នាដៃនាំឱ្យខាតប្រយោជន៍ផ្ទាល់ខ្លួន។ ការជំរុញរបស់រដ្ឋមន្ត្រីមកពីក្រសួងទាំងបីនេះបានធ្វើឡើងនៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ៖ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជាការគាំទ្រយ៉ាងសំខាន់សម្រាប់គំនិតច្នៃប្រឌិត ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការចែករំលែកនានា។ ជាក់ស្តែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី នាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ឱ្យតម្លៃលើកម្មសិទ្ធិបញ្ញា ដែលជាស្នាដៃច្នៃប្រឌិតរបស់មនុស្សជាតិ។

ចំណែកឯ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រសាសន៍ដែរថា ការចុះបញ្ជីកម្មសិទ្ធិបញ្ញានៅក្នុងវិស័យកសិកម្ម ដូចជាការចុះបញ្ជីលើផលិតផលសម្គាល់ភូមិសាស្ត្រ សុទ្ធតែបានផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងដល់អ្នកផលិត ព្រោះវាបានការពារការក្លែងបន្លំផលិតផល ចំណែកអ្នកទិញ គេបានស្គាល់ពីប្រភពផលិតផលច្បាស់លាស់ ការផលិតមានគុណភាព និងលក់បានតម្លៃខ្ពស់។ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមមូលបទផ្សេងៗគ្នា។

ជាមួយគ្នានេះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ ការជ្រើសរើសយកមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី ជាការបញ្ជាក់អំពីការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងការពារនូវស្នាដៃដ៏ប៉ិនប្រសព្វ ក្នុងការកែច្នៃរបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ និងម្ចាស់ស្នាដៃដទៃទៀត។ ដូច្នេះកម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយនិងផ្សព្វផ្សាយនូវសិល្បៈវប្បធម៌ប្រពៃណីគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈជាកេរតំណែលដូនតាបុព្វបុរសខ្មែររបស់យើង និងស្នាដៃថ្មីៗនៅក្នុងសម័យទំនើបរបស់យើងផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រីបានបន្តថា នៅក្នុងបរិការនេះ កម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ ឬសិទ្ធិប្រហាក់ប្រហែលពិតជាមានភាពចាំបាច់ណាស់ក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់ស្នាដៃ ឱ្យពួកគាត់ខិតខំបង្កើតស្នាដៃថ្មីៗ។ ដោយគិតគូរលើសារសំខាន់ទាំងអស់នេះ កម្ពុជាបាន និងកំពុងអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានេះ ជាពិសេសតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពផ្សេងៗជាច្រើន រួមជាមួយការទេប់ស្កាត់ ការបង្ក្រាបការក្លែងបន្លំនានាផងដែរ៕
ដោយ ឃុត សៅ




