អាជ្ញាធរខេត្តសៀមរាបស្នើដល់ព្រះចៅអធិការ និងពុទ្ធបរិស័ទ បន្តជួយជ្រោមជ្រែងគាំទ្រវិស័យពុទ្ធិកសិក្សា
AKP សៀមរាប ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--
ថ្លែងក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាបបានស្នើដល់ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការគ្រប់វត្ត មេត្តាបន្តជួយជ្រោមជ្រែង ឧបត្ថម្ភ គាំទ្រ វិស័យពុទ្ធិកសិក្សា ឱ្យបានខ្លាំងក្លាបន្ថែមទៀត និងជួយជំរុញឱ្យកុលបុត្រខ្មែរ ដែលបានបួសហើយ ឱ្យបានចូលសិក្សារៀនសូត្រ ក្នុងប្រព័ន្ធពុទ្ធិកសិក្សា ព្រោះថាពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តបានស្នើដល់ព្រះមេគណទាំងពីរគណៈ សូមណែនាំដល់គ្រប់វត្តអារាមទូទាំងខេត្ត ឱ្យបន្តនូវសាមគ្គីភាព ដើម្បីធ្វើជាគំរូល្អដល់ពុទ្ធសាសនិក សំដៅលើកកម្ពស់ ការប្រតិបត្តិព្រះពុទ្ធសាសនា និងគុណតម្លៃផ្នែកសីលធម៌ វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិយើង ឱ្យបានថ្កុំថ្កើង និងគង់វង្សស្ថិតថេរចីរកាល និងបានស្នើឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តជួយដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រោះថាព្រះសង្ឃ នៅតែមានប្រសិទ្ធភាព ព្រោះប្រជាជនខ្មែរយើងគោរពព្រះសង្ឃ ថេរដីការបស់ព្រះសង្ឃ នៅតែមានឥទ្ធិពលខ្លាំងទៅលើផ្នត់គំនិត និងជំនឿរបស់ប្រជាជនយើង និងសូមចាត់ទុកថាការងារនេះជាការងាររបស់យើងទាំងអស់គ្នា និងដើម្បីយើងទាំងអស់គ្នាវិញដែរ។

ក្នុងឱកាសនោះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាគណៈសង្ឃនាយ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ មានថេរដីកាថា នៅសម័យបុរាណកាលកម្ពុជាយើងសាលារៀនមានតែនៅក្នុងវត្តតាំងពីកម្រិតបឋមរហូតដល់វិទ្យាល័យ ហើយព្រះសង្ឃ ព្រះពុទ្ធសាសនាតែងតែមានវត្តមានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ព្រោះព្រះពុទ្ធសាសនាជាទីពឹងទីពំនាក់ និងបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស អប់រំសីលធម៌ ចរិយាធម៌ ទៅដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ មានន័យថា បានជួយផលិតពលរដ្ឋល្អជូនសង្គមជាតិជាបន្តបន្ទាប់រៀងមក។

សម្តេចព្រះព្រហ្មរតនមុនីបានបន្តព្រះថេរដីកាថា សម័យបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើតសាលានៅតាមមូលដ្ឋាននានាដើម្បីឱ្យកូនខ្មែរបានសិក្សារៀនសូត្រទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ ចំណែកអ្នកបួស កាលណាបួសហើយបានរៀនសូត្រទើបសមជាសមណអ្នកបួស និងមានតម្លៃ សម្តេចក៏បានផ្តាំផ្ញើដល់សាមណសិស្សទាំងអស់ត្រូវយកព្រះទ័យទុកដាក់ខិតខំសិក្សារៀនសូត្រឱ្យបានចប់ចុងចប់ដើមដូចខាងអាណាចក្រ គោរពវិន័យ និងពេលវេលារៀនសូត្រឱ្យបានហ្មត់ចត់ ព្រោះមនុស្សមានតម្លៃដោយសារវិជ្ជា បើគ្មានវិជ្ជាគ្មានចំណេះដឹងទេយើងនឹងក្លាយជាមនុស្សគ្មានតម្លៃនៅក្នុងសង្គមមនុស្សឡើយ។
តាមរបាយការណ៍របស់លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបង្ហាញថា នៅខេត្តសៀមរាបមានសាលាពុទ្ធិកបឋមសិក្សា៥៣សាលា ពុទ្ធិកវិទ្យាល័យ០១កន្លែង ពុទ្ធិកអនុវិទ្យាល័យ០២កន្លែង មានថ្នាក់សរុប១៣១ថ្នាក់ មានសមណសិស្ស/សិស្សចំនួន៣៤១៧អង្គ/នាក់ មានគ្រូសរុប១៥០អង្គ/នាក់៕
ដោយ ឃុត សៅ




