រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ក្រោមប្រធានបទ "ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិមិត្ត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត"
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តព្រះសីហនុបានប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ក្រោមប្រធានបទ "ឥទ្ធិពលនៃឌីជីថល ភាវូបនីយកម្ម និងបញ្ញាសិប្បនិមិត្ត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត" តំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធ លោក លោកស្រីជាអគ្គនាយក នាយក តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករ និយោជិតចំនួន ១ ៤០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ មានគោលបំណងបំផុសការយល់ដឹងជាសាធារណៈ ស្តីពីសុវត្ថិភាពសុខភាពការងារ និងការកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាព អង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករ និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦- ២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះ ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង១០របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង១០របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងវិធានការលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករ និយោជិត និងការអនុវត្តការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ ការកាត់បន្ថយវិវាទការងារ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងការពង្រឹងរបបសន្តិសុខសង្គម សម្រាប់កម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងបុគ្គលក្នុងវិស័យសាធារណៈ។ តំបន់សេដ្ឋកិច្ចពិសេសចេជាង ហ្គ័រជី មានសហគ្រាសកំពុងដំណើរការចំនួន៣០ មានកម្មករនិយោជិតចំនួន១០.៦០៣នាក់ ស្រី៥.៤៧៦នាក់ មានទុនវិនិយោគចំនួន (៣២២.៨១៣.៩៥៣ដុល្លារ)។

ឯកឧត្តម ងុយ រិទ្ធ បានធ្វើការសំណេះសំណាលជាមួយកម្មករ និយោជិតតំបន់សេដ្ឋកិច្ចពិសេសចេជាង ហើយតំបន់សេដ្ឋកិច្ចបានផ្តល់កិច្ចសហការរៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការ ងារឆ្នាំ២០២៥ ក្រោមប្រធានបទ "ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិមិត្ត (AI) លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត" ដែលរយ:ពេល ២០ឆ្នាំកន្លងមក យើងបានដាក់ចេញនូវប្រធានបទជាច្រើនដែលគិតគូរអំពីផលប្រយោជន៍ឧស្សាហកម្ម 4.0 ហើយប្រព័ន្ធឌីជីថល គឺជាស្មាតហ្វូនដែលយើងទទួលបាននាពេលបច្ចុប្បន្ន ក្នុងការទទួលបាននូវព័ត៌មានមានដូចជា បណ្ណប.ស.ស និងលក្ខខណ្ឌការងារជាច្រើនផ្សេងទៀតកាន់តែមានភាពងាយស្រួល ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗ និងទប់ស្កាត់គ្រោះថ្នាក់ការងារតាមរយ:ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI)ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណគុណចំពោះតំបន់សេដ្ឋកិច្ចពិសេសចេជាង ដែលបានសហការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ហើយទុនវិនិយោគ និងកម្មករ និយោជិតរបស់យើងមានការកើនឡើង ដូច្នេះយើងត្រូវគិតគូរ និងដោះស្រាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារស្របតាមបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលបានគិតគូរពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារចាប់ពីយើងបំពេញការងារ និងការចេញពីកន្លែងការងាររហូតដល់ពេលចូលនិវត្តន៍ ហើយភាគីពាក់ព័ន្ធចូលរួមវិនិយោគឧស្សាហកម្មប្រើដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីៗរួមចំណែកក្នុងចលនាសហគមន៍សុខសាន្ត៕
ដោយ ងូ សុមុនី




