ឯកឧត្តម ឆាយ ឫទ្ធិសែន អញើញពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែនៅក្នុងខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុក ឃុំ ភូមិ បានអញើញពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានស្នើសុំតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាព្រឹកថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥។

ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផលដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ និងខ្សែផ្លូវទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់នាយកដ្ឋានផ្លូវលំជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញជំវិញខេត្ត ធ្វើការសិក្សាបន្ថែម និងពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងផែនការដើម្បីស្ថាបនាលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)




