សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យគ្រប់គ្រងការនាំចូលបន្លែនិងសាច់ ឱ្យបានតឹងរ៉ឹង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានស្នើឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម អគ្គនាយកពន្ធដារគយ និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ពិនិត្យលើការគ្រប់គ្រងនៃការនាំចូលបន្លែ និងសាច់ ឱ្យបានតឹងរ៉ឹង ចៀសវាងនាំឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគ។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងការរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ច ភាគីពាក់ព័ន្ធដែលជាស្ថាប័នរដ្ឋ ត្រូវរួមសហការគ្នាត្រួតពិនិត្យលើការនាំចូលត្រី សាច់ និងបន្លែពីបណ្តាប្រទេសផ្សេងៗចូលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «សំខាន់បំផុតគឺការចូលរួមក្នុងការបង្ការគឺក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ-សាច់ និងការប្រើប្រាស់ជាតិគីមីអីផ្សេងៗ ឱ្យបានម៉ត់ចត់ទៅលើកិច្ចការងារនេះ»។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ការរួមគ្នាពិនិត្យឱ្យបានម៉ត់ចត់លើការនាំចូលបន្លែ-សាច់នេះ ដើម្បីកាត់បន្ថយនូវហានិភ័យនៃ ជំងឺមហារីកដោយសារខ្វះអាហាររូបត្ថម្ភ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានផ្ញើសារទៅក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជននិងកីឡាត្រូវសហការជាមួយ គណៈគ្រប់គ្រងនៅតាមបណ្តាសាលានានា នៅទូទាំងប្រទេសដើម្បីផ្សព្វផ្សាយអំពីសារអប់រំ ពាក់ព័ន្ធសុខភាពទៅនឹងរបបអាហារដូចជា នំចំណី និងភេសជ្ជៈជាដើមដល់សិស្សានុសិស្ស៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី




