ដំណើរទស្សនកិច្ចការងារ និងផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--សម្រាប់ដំណើរទស្សនកិច្ចការងារ និងផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភារបស់កម្ពុជាសំដៅដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដែលនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃ ទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងថ្នាក់ដឹកនាំមកពីក្រសួង/ស្ថាប័ននានា។

ក្នុងអំឡុងទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូរ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានព្រឹទ្ធសភា និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។

ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន ១) ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និង ២) ផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជា វិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ានថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។

ដោយឡែកក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ប្រធាន ព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រ ឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វីណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។
ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា មន្ត្រីរដ្ឋាភិបាល អង្គទូត និស្សិត និងសង្គមស៊ីវិលទីម័រឡេស្តេ។

គួរកត់សម្គាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជំរុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភាផងដែរ៕
ដោយ៖ ជឹម ណារី




