សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជាទេ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានទម្លាយថាសម្តេចមិនអនុញ្ញាតឱ្យធ្វើការវិនិយោគដោយបង្កើតរោងចក្របារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានោះទេ ទោះបីជាផលិតសម្រាប់ការនាំចេញទៅក្រៅប្រទេសក្តី។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០”នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការជក់បារី ប្រើប្រាស់វេប (Vape) តាមរយៈការផ្សព្វផ្សាយព័ត៌មាន មានសិស្ស សាលា ប្រើប្រាស់ Vape (បារីអគ្គិសនី) ច្រើន ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រង់ឱ្យជាប់ចំពោះ ការប្រើប្រាស់បារីអគ្គិសនី។ សម្តេចបវរធិបតី ក៏បានប្រាប់ក្មួយៗជាសិស្សសាលាថា កុំហ៊ឺហា និងកុំគិតថាឡូយ ដោយការជក់បារីអគ្គិសនី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រវិញ។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្មេងៗរបស់យើង សូមឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សូមពិនិត្យមើលអាហ្នឹង (បារីអគ្គិសនី) ជាពិសេសក្មេងសិស្សសាលាជក់ Vape ច្រើន មិនចាំបាច់ហ៊ឺហា ជក់ Vape ទេ ហ៊ឺហាប្រឡងយកលេខមួយ ដូចសិស្សពូកែនៅខេត្តមួយនោះ ល្បីខាងហ្នឹងល្អវិញ»។
ពាក់ព័ន្ធបារីអគ្គិសនីនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បានដឹងថា រដ្ឋមន្ត្រីប្រទេសមួយ បានមកទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីសួរនាំពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា។សម្តេចបានប្រកាសច្រានចោលនូវសំណើប្រទេសមួយ ក្នុងការចង់បើករោងចក្រផលិតបារីអគ្គិសនីនៅ កម្ពុជា។

សម្ដេចបវរធីបតីនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា៖«ថ្ងៃមុនមានប្រទេសមួយនោះ មានក្រុមហ៊ុន ជាវិស័យឯកជនរបស់គាត់ រហូតដល់រដ្ឋមន្ដ្រី របស់គាត់ មកនិយាយជាមួយ លោកជំទាវ ចម និម្មល សួរពីគោលការណ៍ដើម្បីមកផលិត បារីអគ្គិសនី នៅកម្ពុជា ខ្ញុំថាមិនបាច់ទេ! ទោះបី ផលិតសម្រាប់នាំចេញក៏អត់ចាំបាច់ដែរ! យើងមានជំរើសរាប់ពាន់មុខដើម្បីវិនិយោគ ដើម្បីផលិត អ៊ីចឹងអត់ មានបារី អត់មានក្រុមហ៊ុនផលិតបារីអគ្គិសនីនៅកម្ពុជា ក៏យើងមិនក្រដែរ»។ ពាក់ព័ន្ធទៅនឹងការវិនិយោគវិញ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីកម្ពុជាក៏បានស្វាគមន៍រាល់ ការវិនិយោ គផ្សេងៗក្រៅពីបារីអគ្គិសនី៕
ដោយ៖ ប៊ុនរិទ្ធ




