សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ជាការតម្រង់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការកាត់បន្ថយបន្ទុកនៃជំងឺមហារីក
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុក ផែនការជាតិប្រយុទ្ធជំងឺមហារីក ២០២៥ - ២០៣០ ថាជាក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការកាត់បន្ថយបន្ទុកនៃជំងឺមហារីក និងការធ្វើប្រសិទ្ធកម្មគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលមានជំងឺមហារីក ដោយប្រើប្រាស់ធនធានឱ្យបានសមស្របទៅតាមបរិការណ៍សង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីលើកឡើងថា បើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្តេចពិតជាមានចំណាប់អារម្មណ៍ខ្លាំងទៅលើការកើនឡើងខ្ពស់នូវករណីថ្មីនៃជំងឺមហារីក ដែលមាននៅលើប្រជាពលរដ្ឋគ្រប់វ័យស្របពេលដែលស្ថានភាពសង្គម សេដ្ឋកិច្ចនៃប្រទេសកម្ពុជាកំពុង មានការវិវឌ្ឍ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នេះឡើងវាបានបង្ហាញឱ្យឃើញពីភាពបុរេសកម្មរបស់ក្រសួងសុខាភិបាល នៅក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាសុខាភិបាលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជាប្រចាំជាប់មិនដាច់នៅក្នុងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយសម្តេចសូមយកឱកាសនេះធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល គ្រូពេទ្យ មន្ត្រី ព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់នៅក្នុងការបំពេញការងារនាពេលកន្លងមក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ដោយហេតុថា ជំងឺមហារីកបានក្លាយជាការគំរាមកំហែងចំពោះសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធនឹងជំងឺ មហារីកជាអាទិភាពចម្បងមួយនៅក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល ដោយការ ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវផែនការជាតិប្រយុទ្ធជំងឺមហារីក ២០២៥ - ២០៣០ នាថ្ងៃនេះគឺជាការបើកទំព័រនៃការអភិវឌ្ឍបន្ថែមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីជំហរ និង ការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជនពីជំងឺមហារីដ៏កាចសាហាវនេះ។

សូមជម្រាបជូនថា នៅទូទាំងពិភពលោកនៅក្នុ១ឆ្នាំៗបើតាមការស្រាវជ្រាវបានបង្ហាញថា មានមនុស្សប្រមាណ១០លាននាក់ ដែលបានស្លាប់ដោយសារជំងឺមហារីក ក្នុងនោះមានប្រមាណជា៧០ភាគរយគឺ ស្ថិតក្នុងបណ្តាប្រទេសដែលមានកម្រិតប្រាក់ចំណូលទាប និងប្រទេសកំពុងអភិវឌ្ឍន៍ ។ ដោយឡែកនៅកម្ពុជាវិញ គឺមានអត្រានៃការកើតជំងឺមហារីកថ្មីប្រមាណជា ២០ ០០០ ករណី ក្នុងនោះមានអ្នកដែលបាត់បង់ជីវិតមានប្រមាណ ១៤ ០០០ នាក់នៅក្នុង១ឆ្នាំ ខណៈដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា មធ្យោបាយក្នុងការប្រយុទ្ធនឹងជំងឺមហារីកនៅកម្ពុជានៅមានកម្រិតនៅឡើយ៕
ដោយ៖ ចាន់ សុភឿន




