បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់នៅផ្លូវថ្មើរជើង Walk Street ស្របពេលដែលបងប្អូនប្រជាពលរដ្ឋមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥-- បញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតែជាគោលដៅសំខាន់ដែលត្រូវបានយកចិត្តដាក់នៅលើផ្លូវថ្មើរជើង Walk Street ស្របពេលដែលបងប្អូនប្រជាពលរដ្ឋមានការកើនឡើងជាប្រចាំទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងដោយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដីពីកងកម្លាំងគ្រប់ជំនាញដែលធានាបានថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានពង្រឹង និងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងរៀងរាល់ថ្ងៃចុងសប្តាហ៍។ ជាក់ស្ដែងនៅផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃអាទិត្យទី០៤ ខែឧសភា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមកគាំទ្រច្រើនដើរលេងសប្បាយក្រោមម្លប់នៃសន្តិភាព។

តាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៥ថា មកដល់ពេលនេះផ្លូវថ្មើរជើងមានអាយុ១២សប្តាហ៍ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាញឹកញាប់ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ជាពិសេសរាជធានីភ្នំពេញបានជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោកឈ្មោះថាជា «ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី» ដែលបានផ្សាយដោយ Visa 2FLY ដកស្រង់ពីSEAInfographics ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្តាប្រទេសជុំវិញពិភពលោកចំនួន១៤។

លោកស្រីបានបញ្ជាក់ថា នៅចំណុចផ្លូវថ្មើរជើង Walk Street នៅសល់ចំណុចខ្វះខាតខ្លះត្រូវកែលម្អបន្ថែមមានដូចជា ហាមលេងលោតអន្ទាក់នៅកណ្តាលផ្លូវថ្មើរជើងដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋដើរដោយថ្មើរជើងឱ្យបានទូលាយ។ ជាមួយគ្នានេះពាក់ពន្ធ័នឹងបន្ទប់ទឹកនៅផ្លូវថ្មើរជើង បន្ទប់ទឹកត្រូវតែស្អាតជានិច្ចកុំចាំតែអង្គុយយកតែលុយនៅពេលដែលចំនួនប្រជាពលរដ្ឋចេះតែកើនឡើងពេលត្រូវការបន្ទប់ទឹកសុទ្ធតែតម្រង់ជួរ និងមានក្លិនអាក្រក់។ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅផ្នែកខាងក្រៅផ្លូវថ្មើរជើងគឺប្រគល់ឱ្យកងកម្លាំងជំនាញអ្នកទទួលខុសត្រូវ។ ចំណែកនៅខាងក្នុងគឺប្រគល់ជូនសណ្តាប់ធ្នាប់ខណ្ឌដូនពេញទទួលខុសត្រូវ។ យើងទាំងអស់គ្នាខិតខំរក្សាតំណែងលេខ២នេះនឹងឈានទៅដណ្តើមយកលេខ១បន្តទៀត ម៉្យាងទៀតកុំទុកឱ្យរឿងកំប៉ិកកំប៉ុកកើតឡើងលើផ្លូវថ្មើរជើងដែលបណ្តាលឱ្យខូចប្រយោជន៍ធំ និងប៉ះពាល់ក្រេឌីតដែលយើងខិតខំធ្វើ ទទួលបានជោគជ័យរហូតមកដល់ពេលនេះ៕



ដោយ សួស សំរិត




