ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ«ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងបានចាត់ទុកវិស័យសុខាភិបាលនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ យុទ្ធសាស្ត្រនិងគោលនយោបាយជាច្រើនត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយស្ថានភាពសុខភាពប្រជាជននិងវិស័យសុខាភិបាល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ «ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល» ជាកម្មវិធីទី១ នៃកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ របស់រាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងវិស័យថែទាំសុខភាពនៅប្រទេសកម្ពុជា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាព ដោយក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការនិងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាងនេះក្តី ជំងឺមហារីកនៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ អាស្រ័យហេតុនេះ បន្ទុកដ៏ធំនៃជំងឺមហារីក ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ព្រមទាំងមានការសហការស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងបរិបទនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការរៀបចំ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ក្នុងគោលបំណងកាត់បន្ថយករណីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹងរស់ដោយសារជំងឺនេះព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់អ្នកជំងឺនិងក្រុមគ្រួសារ។ ភាពជោគជ័យនៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះនឹងមិនត្រឹមតែអាចកាត់បន្ថយជំងឺមហារីកប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេសកម្ពុជាឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។
ផែនការជាតិនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាន និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការអនុវត្តទទួលបានជោគជ័យ។
ដូច្នេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងអង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជន និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាជាកម្លាំងតែមួយ ក្នុងការអនុវត្ត «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ គង់ សិរីរ័ត្ន




