សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្មួយៗដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអបអរសាទរក្មួយៗដែលបានចូលរួមការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់លេខ១។

សម្ដេចធិបតី ក៏បានកោតសរសេីរចំពោះការចូលរួម និងសមត្ថភាពរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងមានសមត្ថភាពប្រឡងទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស លេីមុខវិជ្ជាសំខាន់ៗទាំងបី ដូចជា អក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។
ជាមួយនេះ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយផងដែរ ចំពោះឪពុកម្តាយ អាណាព្យាបាល ដែលកំពុងមានក្តីរំភេីប និងញញឹមសាទរសមិទ្ធផលដែលក្មួយៗសម្រេចបាន ជាមួយនឹងក្តីមោទនភាព និងកិត្តិយស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា«ចំណេះដឹង គឺពិតមានសារសំខាន់ណាស់សម្រាប់យេីង និងសង្គមជាតិ ព្រោះជាមូលដ្ឋានគ្រឹះនៃការរីកចម្រើន ក៏ដូចជាបង្ហាញអំពីគុណភាព និងធនធានមនុស្សដ៏ល្អ និងប្រសិទ្ធភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ សូមក្មួយៗបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដេីម្បីនឹងសម្រេចលទ្ធផលកាន់តែល្អទៅថ្ងៃមុខ ដេីម្បីអាចនឹងទទួលបានអាជីពការងារល្អប្រសេីរស្របតាមក្តីស្រមៃផង ហេីយក៏អាចក្លាយជាចលករយ៉ាងសំខាន់សម្រាប់សង្គមជាតិយេីងក្នុងការអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព»៕
ដោយ៖ គង់ សិរីរ័ត្ន




