ក្រសួងកសិកម្មចេញសេចក្តីប្រកាសលទ្ធផលពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឌិត ទីណាទៅកាន់ប្រទេសឡាវ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៥ -- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។

យោងតាមសេចក្តីប្រកាសនេះក្រសួងកសិកម្មបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនិងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើការងារអាទិភាពចំនួន៣សំខាន់ៗដូចជា៖ ១. កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់ លើជីប៉ូតាស (potash-based fertilizer)។ ២. ការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅ ប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ ៣. ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕


ដោយ៖ ដេប៉ូ




