ភាពស្និទ្ធស្នាល និងការអភិវឌ្ឍនៅភូមិដាច់ស្រយាលនៃបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងមួយចំនួន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បានធ្វើដំណើរពីទីរួមខេត្តសិរីសោភ័ណ ឆ្ពោះទៅកាន់ស្រុកភ្នំស្រុក ដែលជាស្រុកមួយមានទីតាំងដាច់ស្រយាលជាប់ព្រំប្រទល់ខេត្តសៀមរាប ដោយគោលដៅនៃការធ្វើដំណើរដ៏ពិសេសនេះ គឺភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ដែលជាភូមិមួយនៅឆ្ងាយដាច់ស្រយាល ដោយមានស្ទឹងមួយខ្សែបាំងព្រំប្រទល់ជាមួយខេត្តសៀមរាប។ វត្តមានរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បាននាំមកនូវភាពកក់ក្តៅ និងស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលកម្រនឹងមានវត្តមានថ្នាក់ដឹកនាំខេត្តមកដល់ទីនេះណាស់។

ឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញពីភាពសប្បាយរីករាយ និងមោទនភាពដែលបានមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងបរិយាកាសសាមញ្ញ និងស្និទ្ធស្នាលបែបនេះ និងបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានឃើញបងប្អូនទាំងអស់គ្នាថ្ងៃនេះ ទោះបីជាមានភ្លៀងធ្លាក់បន្តិចក៏ដោយ ក៏បងប្អូននៅតែផ្ដល់កិត្តិយសអញ្ជើញមកទទួលពួកយើង។ នេះបានបង្ហាញពីទឹកចិត្តដ៏ស្មោះស្ម័គ្រ និងការរង់ចាំនូវការអភិវឌ្ឍនានា»។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបាននាំនូវសារផ្ដាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចធិបតី និងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ដាច់ស្រយាល។

ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងដំណើរទស្សនកិច្ចនេះ គឺពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៥០០ ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមចំនួន ៥ ខ្សែ ប្រវែងជិត ១០០០ ម៉ែត្រ នៅក្នុងភូមិរង្វាន។ គម្រោងសាងសង់ផ្លូវទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលនឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ។ មិនត្រឹមតែប៉ុណ្ណោះ គណៈប្រតិភូក៏បានបន្តដំណើរទៅកាន់ភូមិកំពីងពួយ ឃុំភ្នំដី ដើម្បីធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែទៀត ប្រវែង ២០០ម៉ែត្រ ដែលក៏ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវផងដែរ។
លោកយាយ ម៉ៅ អាយុ ៧២ ឆ្នាំ ជាអ្នកភូមិរង្វានម្នាក់ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលឃើញថ្នាក់ដឹកនាំខេត្ត និងមន្ត្រីមកដល់ភូមិយើងផ្ទាល់បែបនេះ។ ពីមុនទៅ ផ្លូវលំបាកណាស់ ពេលភ្លៀងធ្លាក់ភក់ជ្រាំពិបាកធ្វើដំណើរណាស់ តែឥឡូវនេះបានផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហមទៀត ពិតជាអរគុណសម្តេច និងលោកជំទាវខ្លាំងណាស់»។
ចំណែកឯយុវជន សុខុម ជាកសិករម្នាក់រស់នៅក្នុងភូមិរង្វាន ក៏បានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍនៅក្នុងភូមិរបស់ខ្លួន។ គាត់បាននិយាយថា៖ «ផ្លូវថ្មីនេះនឹងជួយសម្រួលដល់ការដឹកកសិផលរបស់ពួកខ្ញុំទៅលក់នៅទីផ្សារបានកាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។ ខ្ញុំជឿជាក់ថា ជីវភាពរបស់ពួកយើងនឹងកាន់តែប្រសើរឡើង»។
ដំណើរទស្សនកិច្ចដ៏មានអត្ថន័យក្រោមដំណក់ទឹកភ្លៀងត្រជាក់នៅស្រុកភ្នំស្រុក បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងការនាំយកការអភិវឌ្ឍទៅកាន់តំបន់ដាច់ស្រយាល និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ភាពសាមញ្ញ ស្និទ្ធស្នាល និងកាយវិការដ៏កក់ក្តៅរបស់ឯកឧត្តម អ៊ុំ រាត្រី និងគណៈប្រតិភូ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងបេះដូងរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិរង្វាន និងភូមិកំពីងពួយ ដែលជាកម្លាំងចិត្តដ៏សំខាន់ក្នុងការបន្តកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕
ដោយ ឈុន សារ៉ាត




