លោក ងួន រាសី នាំយកអំណោយ និងថវិការបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំផ្ដល់ជូនគ្រួសារដែលមានជីវខ្វះនៅសង្កាត់ស្រយ៉ូវ
AKP កំពង់ធំ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥-- លោក ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក ពេញ កែម ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន និងសមាជិកសមាជិកាបាននាំយកអំណោយមនុស្សធម៌ និងថវិការបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ជនពិការ ស្រ្តីមេម៉ាយ និងគ្រួសារងាយរងគ្រោះចំនួន១០គ្រួសារ ស្ថិតនៅភូមិកំរ៉ែង០៤គ្រួសារ និងភូមិរកា០៦គ្រួសារ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

លោក ងួន រាសី បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចុះជាប់ជាមួយនឹងប្រជាជនបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយថាមពល និងប្រទាក់ក្រឡាគ្នាក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋានក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។

លោក ងួន រាសី បានបន្តថាកិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបានគឺជាចលនការថ្មីមួយប្រកបដោយក្តីសង្ឃឹមជឿជាក់ក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះ។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌របស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំផ្ដល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារដែលក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកាមួយចំនួន៕

ដោយ ស៊ុម វណ្ណា





